កីឡា

NOCC បន្តបញ្ជ្រាបការ ផ្សព្វផ្សាយអប់រំ គុណតម្លៃអូឡាំពិក លើកទី៥ នៅភ្នំពេញ

ភ្នំពេញ ៖ ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តរៀបចំកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ជាលើកទី៥ នៅវិទ្យាល័យ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបន្តបញ្ជ្រាបការផ្សព្វផ្សាយ ចលនាអូឡាំពិក ព្រមទាំងគោលដៅដ៏ធំចម្បងៗរបស់ខ្លួនជាច្រើនទៀត ដូចជាការទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង NOCC បញ្ជាក់ថា កម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នេះត្រូវបានប្រារព្ធធ្វើឡើង ជាលើកទី៥ នៅក្នុងបរិវេណវិទ្យាល័យឫស្សីកែវ ដោយលោកសង្កេតឃើញថា វិទ្យាល័យនេះ មានហេដ្ឋារចនាសម្ព័ន្ធកីឡាច្រើន ដូចជាទីលានបាល់ទាត់ បាល់ទះ បាល់បោះជាដើម ដែលងាយស្រួលក្នុងការរៀបចំ។ ជាមួយគ្នានោះ ក្នុងពេលក្រុមការងារ នាំឲ្យសិស្សានុសិស្សនានាលេងកីឡា គឺពួកគាត់បានបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយ និងស្វែងយល់ពីលេងកីឡាជាក្រុម ក៏ដូចជាបណ្តុះគំនិតឲ្យយុវជនឲ្យខិតខំលេងកីឡាឲ្យខ្លាំងពូកែ ដើម្បីក្លាយជាធនធានកីឡា នាថ្ងៃអនាគត។

លោក តុប បញ្ញា ជឿជាក់ថា បន្ទាប់ពីសិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបាននូវចំណេះ ដឹងបន្ថែម សម្រាប់ខ្លួនឯងផង ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ បន្តទៅកាន់សង្គមផងដែរ ។ សិស្សានុសិស្សភាគច្រើនបានយល់ដឹង ច្រើនពីការលេងកីឡា ក៏ដូចជាបាន ដឹងពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នំា២០២៣របស់កម្ពុជាផងដែរ ។

«អប់រំគុណតម្លៃអូឡាំពិក» ត្រូវបានឧបត្ថម្ភគាំទ្រដោយអង្គការ សាមគ្គីអូឡាំពិក ដែលគោលបំណងកម្មវិធីនេះ ក៏បានបញ្រ្ជាបចំណេះដឹង របស់កម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយនឹងការលើកទឹកចិត្ត ឲ្យពួកគាត់ចូលរួមលេងកីឡា ហើយផ្សព្វផ្សាយពីយុទ្ធនាការពលរដ្ឋម្នាក់ លេងកីឡាមួយមុខ បរិស្ថានស្អាត បដិសណ្ឋាកិច្ចល្អ យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយគ្រឿងញៀន ក៏ដូចជាបានដាក់បង្ហាញនូវស្លាកសញ្ញា និមិត្តសញ្ញា បាវចនា «កីឡារស់ក្នុងសន្តិភាព» ស៊ីហ្គេម ២០២៣ ផងដែរ ៕

Most Popular

To Top