កីឡា

ក្រសួងការពារជាតិ គ្រងតំណែងជើងឯក ការប្រកួតកីឡា អត្តពលកម្មជើងឯក ថ្នាក់ជាតិ២០២០ បន្ទាប់ពីដណ្តើមមេដាយ មាស១១គ្រឿង

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ បានបិទបញ្ចប់ហើយ កាលពីព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញពីសំណាក់ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្តប្រគល់ និងបំពាក់មេដាយដល់ម្ចាស់ ជយលាភី ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ។

ក្រុមអត្តពលិកក្រសួងការពារជាតិ ដណ្តើមមេដាយមាសរហូតដល់១១គ្រឿង ឈរលើកំពូលតារាងជាមួយ នឹងឈ្នះមេដាយមាស ច្រើននោះ ក្រុមនេះក៏ឈ្នះបានមេដាយប្រាក់៥គ្រឿង ផងដែរ សរុបក្រសួងការពារជាតិ ទទួលបាមមេដាយ ចំនួន១៦គ្រឿង ចំណែកក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៥គ្រឿង ប្រាក់២ និងមេដាយសំរិទ្ធ ៥គ្រឿង សរុបចំនួន១២គ្រឿង និងក្រុមអត្តពលិកខេត្តព្រៃវែងដណ្តើមបានមេដាយមាស៣ ប្រាក់២ សំរិទ្ធ១ សរុបមេដាយចំនួន៦គ្រឿង ។

ក្រុមអត្តពលិកខេត្តកំពង់ធំ ដណ្តើមបានមេដាយ មាស២ ប្រាក់៣គ្រឿង និងសំរិទ្ធ១គ្រឿង សរុប៦គ្រឿង ខេត្តកណ្តាលដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង សរុប៦គ្រឿង ក្រុមអត្តពលិកខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង សរុប៧គ្រឿង រីឯក្រុមអត្តពលិក បណ្តាខេត្តមួយចំនួន ដែលពុំទទួលបានមេដាយសោះ មាន រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប និងខេត្តកំពង់ស្ពឺ ។

ការប្រកួតជើងឯកនេះ រៀបចំដោយ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្រោមគម្រោងឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន២០៥នាក់ចូលរួម ។ ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មទាំង ២០៥ នាក់មកពី១៦ រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិកើនជាងឆ្នាំមុន ដោយឆ្នាំនេះអត្តពលិកចូលរួមច្រើន ជាងកាលពីឆ្នាំមុន ដែលមានកីឡាករ-កីឡាការិនី ត្រឹមតែចំនួន១២៤នាក់នោះ ៕

Most Popular

To Top