ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិត២ ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីលោក ប្រាក់ សុជាតិ អនុប្រធានទី១ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា តំណាងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា និងលោក លី ហួត អនុប្រធានកិត្តិយស របស់សហព័ន្ធនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាថា ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ ២០២០ ក្រោមគម្រោងថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិត២ ឆ្នាំ២០២០។ ឆ្លងកាត់ការសិក្សា និងការអនុវត្តជាក់ស្តែងសិក្ខាកាម ចំនួន២៨នាក់ បានទទួលលទ្ធផលដូចជាសិក្ខាកាម ទទួលនិទ្ទេសល្អ៦០ភាគរយ សិក្ខាកាមទទួលនិទ្ទេសល្អបង្គួរ៣៥ភាគរយ សិក្ខាកាមទទួលនិទ្ទេស មធ្យមស្មើ១៥ភាគរយ ។
លោកស្រីបានបន្តថា ចំពោះចំណុចខ្លាំងទទួលបានយកចិត្តទុកដាក់ និងណែនាំពី លោកគ្រូ និងអ្នកគ្រូឧទ្ទេស ទទួលឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំផែនការកម្មវិធី ឯកសារបណ្តុះបណ្តាលបានល្អ ចំណែកចំណុចខ្សោយវិញថវិកា រៀបចំនូវមានកម្រិតទាប គ្មានសប្បុរសជន ចូលរួមសហការឧបត្ថម្ភ និងសិក្ខាកាមនៅតាមបណ្តាខេត្តមិនបានចូលរួមច្រើនដោយពុំមានលទ្ធភាពដោះស្រាយថវិកា សម្រាប់ការហូកចុក ស្នាក់នៅ ។
ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថវិកា សម្រាប់ការបណ្តុះបណ្តាលច្រើនជាងថវិកាឆ្នាំ២០២០ ព្រមទាំងមានសប្បុរសជន ក្រុមហ៊ុននានា ចូលរួមសហការឧបត្ថម្ភ បន្ថែមនោះវគ្គបណ្តុះបណ្តាល សម្រាប់ឆ្នាំ ២០២១ និងកាន់តែទទួលបានលទ្ធផលល្អ ប្រសើរជាងឆ្នាំ២០២០ ជាមិនខាន ៕ដោយ៖លី ភីលីព




