កីឡា

វគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា បញ្ចប់ដោយជោគជ័យ នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញចូលរួមបិទវគ្គសិក្សាសាមគ្គី អូឡាំពិក ស្តីពីរដ្ឋបាលកីឡា សម្រាប់ ថ្នាក់ដឹកនាំកីឡា និងមន្ត្រីកីឡា នៅតាមគ្រឹះស្ថានសិក្សា នៅក្នុងខេត្តកណ្តាល ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាមន្ទីរអប់រំកាយ និងខេត្តកណ្តាលបាននិយាយថា ខេត្តកណ្តាលមានកិត្តិយស ដែលបានទទួលបើកវគ្គសិក្សា សាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដល់មន្ត្រីកីឡា និងគ្រូអប់រំកាយ និងកីឡា ខេត្តកណ្តាល ក្រោមការជួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុ នៃ អង្គការ សាមគ្គីអូឡាំពិក អន្តរជាតិ តាមផែនការកម្មវិធីប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងដោយ មានការអនុញ្ញាតជាគោល ការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីរៀបចំវគ្គសិក្សារដ្ឋបាល សម្រាប់ឆ្នាំ ២០២០នេះ ។

ចំពោះវគ្គសិក្សានេះ ចាប់ផ្តើមពីថ្ងៃទី ២៥ និងត្រូវបញ្ចប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បង្រៀនដោយគ្រូឧទ្ទេសចំនួន០៣ រូប ចែកចេញជាមេរៀនផ្សេងៗគ្នា។ បទបង្ហាញថ្ងៃចុងក្រោយ និងបិទកម្មវិធី ដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពី ប្រវត្តិ និងចលនាអូឡាំពិក ភាពជាអ្នកដឹកនាំ ការលេងកីឡាដោយយុត្តិធម៌ ផែនការហ្វឹកហ្វឺនហាត់ ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វគ្គសិក្សានេះមានរយៈពេលខ្លី ក៏ពិតមែនតែសិក្ខាកាមបានយល់អំពីការពន្យល់ ពីប្រវត្តិអង្គការសាមគ្គី អូឡាំពិក រចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍគ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ការកំណត់និស្ស័យកីឡា ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រីនិងកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ ការដំណោះស្រាយបញ្ហា ការទំនាក់ទំនង ការរៀបចំអង្គប្រជុំ ផែនការហ្វឹកហាត់ ផែនការធ្វើដំណើររបស់ប្រតិភូ លេងដោយយុត្តិធម៌ ការបញ្ជាក់ភេទ ការប្រឆាំងសារធាតុញៀនក្នុងកីឡា វេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈ សម្រាប់ កីឡា ទាំងអស់នេះ គឺសិក្ខាកាមបានជួបប្រទះ ក្នុងការដឹកនាំក្រុមចូល រួមការប្រកួតកីឡាផ្លូវការកន្លងមក ។

លោកបានបន្តថា ឆ្លងតាមការវាយតម្លៃដោយសិក្ខាកាមផ្ទាល់ទាំង២៥រូប លទ្ធផទទួលបាននិទ្ទេសល្អណាស់១៦ភាគរយ និទ្ទេសល្អ៦៨ភាគរយ និងនិទ្ទេសមធ្យម ១៦ភាគរយ។ តាងនាមគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដែលបានអនុញ្ញាត និងបង្កលក្ខណៈរៀបចំវគ្គសិក្សានេះ ៕

Most Popular

To Top