បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមការស៊ើបអង្កេត ក្នុងគោលបំណងដើម្បីរកឱ្យឃើញថាតើមានការប្រព្រឹត្តធ្វេសប្រហែសដែរឬទេ ក្នុងពេលព្យាបាលទៅលើអតីតកីឡាករបាល់ទាត់ Diego Maradona ។ លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់កីឡាករបាល់ទាត់ដ៏ឆ្នើម Diego Maradona បានបដិសេធចំពោះការចោទប្រកាន់ដែលពាក់ព័ន្ធនឹងការស្លាប់ របស់អតីតកីឡាករបាល់ទាត់រូបនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Leopoldo Luque បាននិយាយថា គ្មានអ្វីដែលត្រូវលាក់បាំងទេ ហើយលោកមានមោទនភាពចំពោះការព្យាបាលដែលគាត់បានផ្តល់នេះ។
លោក Leopoldo Luque ត្រូវបានសារព័ត៌មាន Goal.com ស្រង់សម្តីថា « យើងបានព្យាយាមរក្សាគាត់នៅគ្លីនិក ប៉ុន្តែវាមិនមែនជាមណ្ឌលស្តារឡើងវិញទេ។ ខ្ញុំបានពង្រីកការស្នាក់នៅមន្ទីរពេទ្យអោយយូរ ដែលខ្ញុំអាចធ្វើបាន។ ជាមួយ Diego ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព។ ខ្ញុំមានមោទនភាពចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំមិនមានអ្វីត្រូវលាក់បាំងនោះទេ» ។
មុននេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កូនស្រីរបស់អតីតកីឡាករអាហ្សង់ទីនសង្ស័យថា គ្រូពេទ្យជាអ្នកធ្វើមនុស្សឃាតដោយឥតចេតនា ហើយបដិសេធមិនផ្តល់ជំនួយដល់អ្នកជំងឺ។ ជាលទ្ធផលតុលាការបានចេញសេចក្តីសម្រេចក្នុងការឆែកឆេរផ្ទះរបស់ Luque ។ ក្នុងអំឡុងពេលឆ្មក់ចូលប៉ូលីសបានរឹបអូសយកទូរស័ព្ទដៃ កុំព្យូទ័រ និងឯកសារ ដើម្បីកំណត់ពីទំហំនៃការធ្វេសប្រហែសដែលអាចកើតមានរបស់វេជ្ជបណ្ឌិតរូបនេះ៕ប្រែសម្រួលៈ ណៃ តុលា