ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by CellCard ក្រោយផ្អាករយៈពេល២សប្ដាហ៍ ដោយសារមេរោគ COVID-19នោះនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ការប្រតកួតនឹងចាប់ផ្ដើមឡើងវិញ តែការប្រកួតស្ថិត ក្នុងការបិទទ្វារនៅឡើយ ។
លោក ញាណ សុធី អ្នកគ្រប់គ្រងកម្មបវិធីប្រដាល់ TV5 បានឲ្យដឹងថា ការប្រកួតគឺបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card ដោយអ្នកប្រដាល់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធប្រកួត ជាមួយអ្នកប្រដាល់ យ៉ន ពិសី ក្លិបសាលវ័ន្ដកីឡា ។ ដូច្នេះអ្នកប្រដាល់ទាំង២រូបនេះ សុទ្ធជើងខ្លាំងដូចគ្នា សម្រាប់ឡុង ខេត្តជាអ្នកប្រដាល់ស្រករក្រោយ ចំណែកពិសីជើងចាស់ក៏ពិតមែន សម្រាប់ជំនួបលើសង្វៀនប្រកួតមិនទាន់ប្រាកដថា អ្នកចាស់ឈ្នះអ្នកថ្មី ឬ អ្នក ថ្មីឈ្នះជើងចាស់នោះឡើយ ។
លោកបានបន្តថា ឡុង ខេត្តមានប្រវត្តិប្រកួត ៨៧ដង ឈ្នះ៥៨ដង ចាញ់២០ដងស្មើពិន្ទុ១៩ដង និងវាយគូប្រកួតឲ្យសន្លប់បាន ចំនួន៦ដង ចំពោះយ៉ន ពិសីវិញមានប្រវត្តិ ប្រកួតចំនួន៣៩ដង ឈ្នះ២៩ដង ចាញ់៧ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន១២ដង ។
អ្នកប្រដាល់ចិត្តធំ និងកែងស្រួច លីន វីរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធប៉ះអ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម រីឯអ្នកប្រដាល់ ថៃ រ៉េត ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ គង់ សំបូរ ក្លិបគិព្រៃគុនខ្មែរ ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ៕ដោយ៖លី ភីលីព