ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានដឹកកីឡាករ-កីឡាការិនីកីឡាហែលទឹកក្នុងក្រុមជម្រើសជាតិ និងជម្រើសជាតិយុវជនដំណើរ ទស្សនកិច្ចបោះជំរុំហ្វឹកហាត់រយៈពេល៣ថ្ងសនៅខេត្តព្រះសីហនុ និងខេត្តកំពតដើម្បីបែករម្លែកបទសោធន៍បច្ចេកទេស និងបង្កើតភាពស្និតស្នាល និងមិត្តភាពជាមួយគ្នា។
លោក ហែម គីរី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ការបោះជំរុំហ្វឹកហាត់នេះធ្វើឡើងដើម្បីបណ្តុះឲ្យកីឡាករ-កីឡាការិនីកីឡាហែលទឹកមានស្មារតី ធ្វើការជាក្រុម និងស្វែងយល់ការរស់នៅជាមួយអ្នកដទៃក្រៅពីក្រុមគ្រួសារ របស់ពួកគាត់ ហើយសំខាន់ បំផុតនោះគឺការគោរពពេលវេលា ការអត់អោនអាធ្យាស្រ័យគ្នាទៅវិញទៅមក។ សំខាន់មួយទៀត គឺការផ្លាស់ប្តូរបរិយាកាសសម្រាប់កីឡាករ-កីឡាការិនីកីឡាហែលទឹក ព្រោះកន្លងមកយើងហ្វឹកហាត់នៅតែអាងហែលទឹកដល់ពេលចេញមកបោះជំរុំហ្វឹកហាត់ ដែលជាកន្លែងថ្មីមួយទៀត សម្រាប់អត្តពលិកហែលទឹកទៅវិញ។
លោកបានបន្តថា កន្លែងថ្មីធ្វើឲ្យពួកគាត់មានអារម្មណ៍ សប្បាយរីករាយហ្វឹកហាត់ និងធ្វើដណើរហ្វឹកហាត់នៃការបោះជំរុំមួយនេះនឹងធ្វើឲ្យពួកគាត់មានអារម្មណ៍ធូរស្រាលពីការបញ្ហាជាច្រើនក្នុងខ្លួនរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។ ការបោះជំរុំមានចំណុចសំខាន់នេះធ្វើឲ្យកីឡាករ-កីឡាការិនីមានពេលវេលាគ្រប់គ្រាន់ជាមួយគ្រូបង្វឹកក្នុងការពិនិត្យមើលសកម្មភាព និងដឹងអ្វីគ្រប់យ៉ាងដែលអត្តពលិកមានកាន់តែធ្វើឲ្យគ្រូបង្វឹកឈានចូលជិតភាពស្និតស្នាលកាន់តែខ្លាំងៗឡើង។
លោកអគ្គលេខាធិការបន្ថែមទៀតថា យើងបានរៀបចំ កម្មវិធីឲ្យកីឡាករ-កីឡាការិនីកីឡាហែលទឹកសម្តែងជាច្រើនដូចជារាំបែបលក្ខណៈ សិល្យៈដើម្បីឲ្យពួកគាត់មានភាពក្លាហានមិនចង់ឲ្យមានការអៀនខ្មាស់ ខ្លាច ឬក៏មិនហ៊ាន និងទន់ខ្សោយ ដូច្នេះធ្វើបែបនេះចង់ភាពក្លាហានព្រោះកីឡាករ-កីឡាការិនីត្រូវការ ភាពក្លាហានក្នុងការប្រកួត ការយកឈ្នះលើគូប្រកូតផ្សេងៗ។ លោកធ្លាប់ឃើញការធ្វើបែបនេះ តាមបណ្តាលប្រទេសមួយចំនួនលើពិភពលោក៕ដោយ៖លី ភីលីព