ភ្នំពេញ ៖ ក្រោយពីទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តពីរាជរដ្ឋាភិបាល សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយដណ្តើម បានមេដាយមាស៩គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង កាលពីថ្ងៃម្សិលមិញ ក្រុមអត្តពលិកកីឡាវ៉ូវីណាម បានបញ្ចេញសារថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង អប់រំយុវជន និងកីឡា ។
ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានបញ្ចេញសារថា ក្នុងនាមយើងខ្ញុំបាទកីឡាការនីវ៉ូវីណាមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងនាយកដ្ឋានអប់រំកាយ និងកីឡា ដែលបានយកចិត្តទុកដាក់ និង ខិតខំ ស្វះស្វែង បំពេញកិច្ចការងារ ដើម្បី ផ្តល់ប្រាក់រង្វាន់ជយ័លាភី ជាការលើកទឹកចិត្ត ដល់យើងខ្ញុំទាំងអស់គ្នាជាកីឡាករ -ការនី ដែលទោះជាប្រទេសកម្ពុជា កំពុងប្រឈមនឹង វិបត្តិកូវីដ១៩ ក៏ដោយ ។
កីឡាការិនីវ៉ូវីណមម្ចាស់មេដាយមាស កម្រិតពិភពលោក ប៉ាល់ ឆរស្ម៊ី បាននិយាយថា តាំងនាមក្រុមអត្តពលិក កីឡាការិនីវ៉ូវីណម និងរូបកីឡាការិនីផ្ទាល់ បានប្តេជ្ងាថា បន្តហ្វឹកហាត់ឲ្យខ្លាំងក្លា ជាងមុនដើម្បីត្រៀមខ្លួនដណ្តើមមេដាយ ជូនកម្ពុជា នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមខាងមុខនេះ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕ដោយ៖លី ភីលីព