តូក្យូ៖ មន្រ្តីអូឡាំពិកទីក្រុងតូក្យូ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀង ជាមូលដ្ឋានមួយជាមួយម្ចាស់ឧបត្ថម្ភ ក្នុងស្រុកចំនួន ៦៨ ដើម្បីបន្តកិច្ចសន្យារបស់ពួកគេ ចូលឆ្នាំក្រោយ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលបានពន្យារពេល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Yoshiro Mori ប្រធានគណៈកម្មាធិការ រៀបចំការប្រកួត បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានខ្លីមួយថា ការបរិច្ចាគថ្មីនឹងលើសពី ២២ ពាន់លានយ៉េន ឬប្រហែល ២១០ លានដុល្លារ ដើម្បីកែលម្អនូវថវិកា ដែលកំពុងកើនឡើង។
អ្នកឧបត្ថម្ភក្នុងស្រុករបស់ជប៉ុន បានចូលរួមវិភាគទានចំនួន ៣,៣ ពាន់លានដុល្លារ ដល់ថវិកាប្រតិបត្តិការក្នុងស្រុក ហើយថវិកាថ្មីនេះ បានជំរុញដល់ទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុល្លារ។ នេះយ៉ាងហោចណាស់២ដង ឬ៣ដង អាចធំដូចព្រឹត្តិការណ៍កីឡាអូឡាំពិកមុនៗ និងត្រូវបានជំរុញដោយក្រុមហ៊ុន Dentsu Inc ជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជប៉ុនដ៏ធំ ដែលជាភ្នាក់ងារទីផ្សារ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ។
លោក Toshiro Muto នាយកប្រតិបត្តិនៃគណៈកម្មាធិការ រៀបចំកម្មវិធីបាននិយាយថា Dentsu បានធ្វើការចរចា។ លោក Muto បានបន្តថា វាមិនមែនថា យើងបានឆ្លងកាត់ការចរចា ដើម្បីបង្ខំឲ្យក្រុមហ៊ុនវិនិយោគនោះទេ ដោយក្រុមហ៊ុនទាំងនោះ មិនត្រូវបានគេជំរុញឡើយ។
លោក Muto បានទទួលស្គាល់ថា ក្រុមហ៊ុនជាច្រើន កំពុងប្រឈមមុខ នឹងពេលវេលាហិរញ្ញវត្ថុដ៏លំបាក។ វាច្បាស់ណាស់ថា អូឡាំពិកទីក្រុងតូក្យូ បានក្លាយជាអាទិភាព សម្រាប់រដ្ឋាភិបាលជាតិរបស់ជប៉ុន ដែលនឹងបង្កការលំបាក ដល់ក្រុមហ៊ុនមិនបន្តជាថ្មី។ យើងក៏បានឮពីដៃគូរបស់យើងផងដែរ អំពីស្ថានភាពលំបាក ដែលពួកគេម្នាក់ៗ កំពុងប្រឈមមុខ នៅពេលមានមេរោគរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មាន៕ ដោយ៖លី ភីលីព