ភ្នំពេញ៖ អ្នកប្រដាល់ រិន ដេវីដ ក្លិបនាគរាជចតុមុខដណ្តើមបានជើងឯកនៃព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard ក្រោយពីយកឈ្នះអ្នកប្រដាល់ជើងចាស់ យ៉នពិសីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុក្នុងលទ្ធផល ៣ទល់២នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១លើសង្វៀនTV5 ព្រែកថ្លឹង។
អ្នកប្រដាល់ រិន ដេវីដ វ័យនៅក្មេងវ៉ៃបានល្អ រហ័ស និងមានមហិច្ឆតារខ្ពស់ មិនតែប៉ុណ្ណោះរូបគេវ៉ៃហ៊ានប្ដូរទៀតផងចំពោះកម្លាំងរបស់គេក៏អស្ចារ្យជាងពិសីដែរ ។ តាមពិតពិសីជាអ្នកប្រដាល់មានសមត្ថភាពខ្ពស់ និងវ៉ៃដោយការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែអ្នកប្រដាល់រូបនេះវ៉ៃមិនហ៊ានប្ដូរ និងសន្សំសំចៃកម្លាំង ។
ស្ថានភាពនៃការប្រកួត រវាងអ្នកប្រដាល់ទាំង២រូបនេះ ដេវីដបង្ហាញពីភាពមានប្រៀបលើ ពិសីតាំងពីដើមទឹកទី១មកម្ល៉េះ ពួកគេប្រគ្នាយ៉ាងស្វិតស្វាញ ដែលទីបំផុតដេវីដបានទទួលជ័យជម្នះហើយគេបានក្លាយ ជាម្ចាស់ពាននៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cellcard អមចំនួន៤,០០០ដុល្លារ ។ ចំពោះយ៉ន ពិសីដែលចាញ់ទាំងមិនអស់ចិត្តនោះជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានពានមួយអមប្រាក់រង្វាន់ចំនួន២,០០០ដុល្លារ ។
ចំណែកការប្រកួតដណ្ដើម ចំណាត់ថ្នាក់លេខ៣វិញ បានលើអ្នកប្រដាល់ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ បន្ទាប់ពីបានយកឈ្នះអ្នកប្រដាល់ សាន់ សំអុនក្លិបអារុណរះកីឡា ដូច្នេះឡុង ខេត្តទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន៧៥០ដុល្លារ រីឯសាន់ សំអុនជាប់លេខ៤ទទួលរង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារ ៕