កីឡា

ការប្រកួត កីឡាអុកចត្រង្គ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ចាប់ផ្តើមហើយ

ភ្នំពេញ ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជើងឯកជាតិ ឆ្នាំ២០២០ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៤ដល់៧ ខែមករា ឆ្នាំ២០២១ ដើម្បីចម្រាញ់រកអ្នកខ្លាំង ជាជើងឯក ដើម្បីបញ្ចូលជាក្រុមជម្រើសជាតិ ក្នុងឳកាសពិធីបើកការប្រកួត នៅព្រឹកថ្ងៃទី០៥ មករានេះ ដោយមានការអញ្ជើញ ចូលរួមលោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គ និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យបច្ចេកទេសទំនើប ការប្រកួតដោយមានការគាំទ្រថវិកា ដោយក្រសួងអប់រំយុវជន និង កីឡា ។

តាមរបាយការណ៍ របស់លោក សូយ សូណា ជាស្ដេចអុកឆ្នាំ២០១៦ និងសមាជិកសហព័ន្ធបានឲ្យដឹងថា មានកីឡាករ ចូលរួមសរុបចំនួន ៦៤នាក់ មកពី១៧ក្លិប រួមមានក្លិបអធិរាជក្រហមខេត្តបាត់ដំបង ក្លិបស្ដេចតាខេត្តព្រះសីហនុ ក្លិបធុរេនខេត្តកំពត ក្លិបទូកចម្បាំងអង្គរខេត្តសៀមរាប ក្លិបសៀមរាបអង្គរធំ ខេត្តបន្ទាយមានជ័យ ក្លិបសមុទ្ររាម ខេត្តប៉ៃលិន ក្លិបអស្សរិទ្ធិ ក្លិបសេះខៀវ ក្លិបទូកខ្មៅ ក្លិបបាយ័ន្តអុកខ្មែរ ក្លិបមិត្តភាព ក្លិបឥន្ទ្រីយ៍ដែក ក្លិបបាស្តា ក្លិបនាគរាជ ក្លិបអង្គរ ក្លិបបារាំងបូឌីង ដែល១០ក្លិបនេះស្ថិតនៅរាជធានីភ្នំពេញដូចគ្នា ហើយក្លិបស្ដេចនាគសមុទ្រកំពង់សោម សមុទ្ររាម ។

លោកបានបន្តថា ពួកគេសុទ្ធតែជាជើងខ្លាំង មកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រោះនេះជាការប្រកួតជើងឯក ហេតុនេះត្រូវតែចម្រាញ់ យកជើងខ្លាំង មកចូលរួមប្រកួត ។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានយកចិត្តទុកដាក់ប្រកប ដោយភាពទទួលខុសត្រូវ ចំពោះការ ប្រយុទ្ធប្រឆាំង និងការឆ្លងជំងឺCOVID-19 ដោយអនុត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួត ត្រូវវាស់កំដៅ ពាក់ម៉ាស់ និងបាញ់អាល់កុល ទើបអនុញ្ញាតឱ្យចូលរួមការប្រកួតបាន ។
ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងនិងលើកស្ទួយ វិស័យកីឡា អុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុកឱ្យ ដើម្បីធ្វើការអភិវឌ្ឍ វិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា។ សម្រាប់រូបមន្តប្រកួត គឺបែងចែកជា១៦ពូល ក្នុង១ពូលមានកីឡាករ៤រូប ប្រកួតវិលជុំ សន្សំពិន្ទុ ក្នុងពូល ហើយអ្នកណាបានពិន្ទុច្រើនជាងគេ ក្នុងពូលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពូល ហើយពិន្ទុបន្ទាប់បានលេខ២ ។

បន្ទាប់ពីបានលេខ១ និង២ ក្នុងពូលរួចហើយ កីឡាករដែលបានទទួលលេខ១ និង២ក្នុងពូល ត្រូវឡើងទៅប្រកួតវគ្គ KNOCK OUT ដោយកីឡាករម្នាក់មានការប្រកួត១៥ប្រកួត មានចំនួន៣០ក្តារ បើស្មើទាំង២ក្តារត្រូវប្រកួតក្តារទី៣ ដើម្បីយកឈ្នះចាញ់ ហើយបើស្មើក្តារទី៣ ត្រូវគិតការឈ្នះចាញ់ទៅលើម៉ោង កីឡាករណាប្រើថិរវេលា អស់ច្រើនជាងជាអ្នកចាញ់ ។ សូមបញ្ជាក់ថា សម្រាប់អ្នកប្រកួតឈ្នះបានមួយពិន្ទុ ស្មើបានកន្លះពិន្ទុ និង ចាញ់បានសូន្យពិន្ទុ ៕ដោយ៖លី ភីលីព

Most Popular

To Top