ភ្នំពេញ៖ សមាគមរាជសីហ៍បានបើកការប្រកួត កីឡាបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌ សមាគមរាជសីហ៍សាខារាជធានី-ខេត្ត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤២ នៃទិវាជ័យជម្នះ៧មករា និងមានប្រារព្ធពិធីប្រកាសសមាគមរាជសីហ៍សាខាខេត្តកណ្តាលជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យច្បារអំពៅ។
ក្នុងឳកាសប្រកាសការប្រកួត ជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ លោក ស៊ុម សារឿន ប្រធានសមាគមរាជសីហ៍ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ព្រមទំាងប្រធានសាខាសមាគមរាជសីហ៍នានា នៅល្ងាចទី៩ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទាត់ក្នុងវិទ្យាល័យច្បារអំពៅ។
សម្រាប់ការនេះដោយមាន ក្រុមសមាគមរាជសីហ៍វ័យចាស់ថ្នាក់កណ្តាល សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្តាល ការប្រកួតមានលក្ខណៈ ប្រកួតវិលជុំដោយទាំង៣ក្រុម ត្រូវប៉ះជាមួយគ្នាទំាងក្រោយបញ្ចប់ ការប្រកួតខាងលើគណៈកម្មការរៀបចំពិធីហូបបាយសាមគ្គី ដើម្បីអបអរសាទរកម្មវិធីនេះផងដែរ។
លោក ទេព យុទ្ធី បានមានប្រសាសន៍ក្នុងពិធីបើកការប្រកួតថា ការប្រកួតដើម្បីអបអរសាទរខួបលើកទី៤២ នៃទិវាជ័យជម្នះ៧មករា គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់សមាគមរាជសីហ៍ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងរម្លឹកដល់ថ្ងៃជ័យជម្នះ៧មករា ដូច្នេះសមាគមរាជសីហ៍នឹងរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះតទៅ។
លោក ស៊ុម សារឿន ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌ សមាគមរាជសីហ៍សាខារាជធានី-ខេត្តដោយស្ថិតលើស្មារតី ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់ខ្លួននូវគោលការណ៍បញ្ញាតិ និង គោលការណ៍បច្ចេកទេសក្នុងការប្រកួតធ្វើឲ្យការប្រកួត ទទួលបានជោគជ័យ។ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់សមាគមរាជសីហ៍សាខាទំាងអស់ដែលចូលរួមលេងកីឡាទាំងអស់៕
ដោយ៖លី ភីលីព