ខ្សែការពារ Paddy Barrett ជាកីឡាករមានបទពិសោធជោគជាំនៅតំបន់អឺរ៉ុប ហើយគេមានចំណូលរហូតដល់ ១,៦៩៥,២៥០ ដុល្លារក្នុងមួយឆ្នាំកាលលេងនៅលីគកំពូលអាមេរិក ឆ្នាំ២០១៨ ។ យ៉ាងណាមានប្រិយមិត្តជាច្រើនកើតជាចម្ងល់ចង់ដឹងហេតុអ្វីបានជាខ្សែការពាររូបនេះសម្រេចមកប្រកបអាជីពនៅកម្ពុជា ។
អតីតខ្សែការពារ Dundalk បាននិយាយថា « វាដូចឆ្កួតដែលខ្ញុំចេញពីអឺរ៉ុបមកលេងនៅទីនេះ (លីគកំពូលកម្ពុជា) ។ គ្រូបង្វឹករបស់ ស្វាយរៀង Conor បានទាក់ទងទៅមិត្តរបស់ខ្ញុំ ដែលជាគ្រូបង្វឹកម្នាក់នៅប្រទេស អៀរឡង់ ឈ្មោះ Paddy Carey ។ បន្ទាប់មកពួកគេទាំងពីរនាក់ ( Conor និង Paddy Carey ) បានទាន់ទងទៅខ្ញុំ ពេលដែលខ្ញុំនៅអាមេរិក។ ក្រោយមកខ្ញុំក៏ចាប់ផ្ដើមជជែកជាមួយ Conor ស្របពេលដែលលីគនៅអាមេរិកបានបញ្ចប់ ហើយខ្ញុំចាប់អារម្មណ៍ថា Conor ចាប់អារម្មណ៍ខ្ញុំ ជាពិសេសក៏ជាពេលវេលាដែល កូវីដ កំពុងគ្របដណ្ដប់នៅអាមេរិក ដែលធ្វើឲ្យការប្រកួតនៅអាមេរិក មានភាពមិនច្បាស់លាស់ខ្លះ។ ដូច្នេះត្រូវហើយ ដែល Conor ជាកត្តា ដែលនាំឲ្យខ្ញុំមកទីនេះ »។
Paddy Barrett ជាខ្សែការពារដែលធ្លាប់លេងនៅលីគកំពូលធំៗមួយចំនួននៅអឺរ៉ុប ដូចជា Dundalk លីគកំពូល អៀរឡង់ ចន្លោះឆ្នាំ២០១៥ ដល់ ២០១៧ លេងបាន ៤៣ ប្រកួតរកបាន៣ក្នុងនាមជាខ្សែការពារ និងធ្លាប់លេងនៅ Dundee United ដែលជាក្លឹបកំពុងលេងនៅលីគទី២ ប្រទេសស្កុតឡែន ក្នុងឆ្នាំ២០១៣-២០១៤ ។ បច្ចុប្បន្ន Barrett មានវ័យ ២៧ ឆ្នាំកម្ពស់ ១,៨៣ ម៉ែត្រ ៕ sabay