កីឡា

សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា ប្រកាសរៀបចំ ការប្រកួតជើងឯក ថ្នាក់ជាតិ ២០២០ នៅខេតកែប

ភ្នំពេញ ៖ បន្ទាប់ស្ថានភាព មេរោគ COVID-19 មានស្ថានភាពធូរស្រាលនោះ សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា បានដាក់នូវកាលបរិច្ឆេទ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ទ្រីយ៉ាត្លុង ជ្រើសរើសជើងឯក ថ្នាក់ជាតិ សម្រាប់ ឆ្នាំ២០២០ឡើងវិញ ហើយនៅខេត្តកែប ដោយមានការគាំទ្រ ថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯក ថ្នាក់ជាតិ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺ ថ្ងៃទី២០ដល់២២ មករាឆ្នាំ២០២១ នាតំបន់មាតសមុទ្រខេត្តកែប ។ ការប្រកួតមានចំនួន៣វិញ្ញាសា គឺទ្រីយ៉ាត្លុង (Triathlon) ឌូអាត្លុង (Duathlon ) និង អាកាត្លុង (Acathlon) ។

សម្រាប់ ប្រភេទកីឡា ទ្រីយ៉ាត្លុង ដែលមានកីឡាចំនួន៣វិញ្ញាសា បញ្ចូលគ្នា នោះទាំងកីឡាករ-កីឡាការិនី ត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹក ចម្ងាយ៧៥០ម៉ែត្រ ហើយបន្ទាប់ពីដល់ទីភ្លាមៗ នោះត្រូវបន្តជិះកង់ ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយវិញ្ញាសា រត់ចម្ងាយ៥គីឡូម៉ែត្រ ជាចុងក្រោយ ។

កីឡាឌូអាត្លុង គឺការប្រកួតត្រូវចាប់ផ្ដើម ពីចម្ងាយ៥គីឡូម៉ែត្រ ហើយបន្ទាប់ពីរត់ដល់ទីភ្លាមៗ ត្រូវបន្តជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ជាថ្មី ក្នុងចម្ងាយ២,៥០គីឡូម៉ែត្រ ចំពោះប្រភេទ កីឡាអាកាត្លុង ដែលធ្វើសម្រាប់តែយុវជន អាយុក្រោម១៦ឆ្នាំនោះ គឺជាប្រភេទកីឡា ដែលមានវិញ្ញាសា ចំនួន២បញ្ចូលគ្នា ។
ការប្រកួតត្រូវចាប់ផ្ដើម ជាមួយនឹងការហែលទឹក ចម្ងាយ៣៥០ម៉ែត្រ និង បញ្ចប់ដោយការ រត់ចម្ងាយ២,៥០គីឡូម៉ែត្រ ។ បន្ទាប់ពី បញ្ចប់ការ ប្រកួតជើងឯកថ្នាក់ជាតិ នេះទៅសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មានគម្រោងរៀបចំព្រឹត្តិការណ៍ ប្រកួតជាលក្ចណៈអន្តរជាតិ មួយដែលកំណត់ឲ្យមានតែជនបរទេស ដែលកំពុងបំពេញ ការងារ នៅកម្ពុជាប៉ុណ្ណោះចូលរួម ។

ព្រឹត្តិការណ៍នោះ នឹងត្រូវប្រសិទ្ធនាមថា hnom Penh International Triathlon នឹងព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅពហុកីឡដ្ឋាន មរតកតេជោតែម្ដង ដើម្បីជាការបង្ហាញឲ្យគេដឹង ពីសក្ដានុពលនៃពហុកីឡដ្ឋាន ដ៍ធំដែលត្រៀមទទួលភ្ញៀវSEA GAMES ឆ្នាំ២០២៣ ៕ដោយ៖លី ភីលីព

Most Popular

To Top