ភ្នំពេញ៖ ព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២០ បន្ទាប់ពីពន្យារពេលការប្រកួត អស់រយៈពេលជាច្រើនខែ ដោយសារមេរោគCOVID-109 នោះនឹងត្រូវរៀបចំឡើងវិញ នៅខេត្ត Ubon Ratchathani ដោយចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។
លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំយុវជន និង កីឡា និងជានាយបេសកកម្មរបស់កម្ពុជា ព្រឹត្តិការណ៍បានមានប្រសាសន៍ថា ការប្រកួតលើកឆ្នាំនេះ ម្ចាស់ផ្ទះដាក់កីឡាចំនួន ៣០ប្រភេទ សម្រាប់ព្រឹត្តិការណ៍នេះ ចំណែកកម្ពុជាបញ្ជូនកីឡា ឲ្យទៅចូលរួមប្រកួតចំនួន៧ ប្រភេទប៉ុណ្ណោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកម្ពុជានឹងបញ្ជូនប្រភេទកីឡាបាល់ទាត់ ទៅចូលរួមជាលើកដំបូង ។
លោកបានបន្តថា កីឡាទាំង៧ប្រភេទ ដែលកម្ពុជានឹងបញ្ជូន ទៅចូលរួមប្រកួតនោះ មានប្រភេទបាល់ទាត់ ហែលទឹក អត្តពលកម្ម ប៉េតង់ ការ៉ាតេ តេក្វាន់ដូ និង ជីជីតស៊ូ ចំពោះក្រុមកីឡាករបាល់ទាត់ ចូលរួមជាក្រុមខ្លាំងវ័យក្មេងរបស់កម្ពុជា មានកីឡាករខ្លះជាបេក្ខភាពត្រៀម SEA GAMES ឆ្នាំ២០២៣ ៕ ដោយ៖លី ភីលីព



