ភ្នំពេញ៖ ក្លិបកីឡាវាយសីការពារអាកាស ជ/គ ដណ្តើមបានមេដាយ២គ្រឿង ខណៈសម័្ពន្ធកីឡាវាយសីខេត្តប៉ៃលិនទទួលមេដាយ១គ្រឿងលើវិញ្ញាសានារី នៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជាក្រោមការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសានារីឯកត្តជនកីឡាការិនីក្លិបកីឡាវាយសីការពារអាកាសជ/គដណ្តើមមេដាយមាស១គ្រឿង បន្ទាប់យកឈ្នះលើកីឡាការិនីមកពីខេត្តកំពង់សោមក្នុងលទ្ធផល២សិតទល់០ ដូច្នេះកីឡាការិនីមកពីខេត្តកំពង់សោមទទួលបានមេដាយប្រាក់ រីឯកីឡាការិនីខេត្តកំពង់ឆ្នាំងទទួលមេដាយសំរិទ្ធ។
ចំណែកវិញ្ញាសាវាយគូនារីវិញ ក្រុមកីឡាការិនីខេត្តកំពង់ចាមទទួលមេដាយមាស ក្រុមកីឡាការិនីក្លិបកីឡាវាយសីការពារអាកាសជ/គទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីសម័្ពន្ធកីឡាវាយសីខេត្តប៉ៃលិនទទួលមេដាយសំរិទ្ធ១គ្រឿង។
កីឡាការិនី លីម គីមហួយរបស់សម័្ពន្ធកីឡាវាយសីខេត្តប៉ៃលិនបាននិយាយថា ចំពោះខេត្តប៉ៃលិនបានបញ្ជូលកីឡាករ-កីឡាការិនីចំនួន១៧នាក់ និងគណៈប្រតិភូ៣នាក់ក្រោមការដឹកនាំការប្រកួតដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងជាប្រធានសមាគមកីឡាវាយសីខេត្តប៉ៃលិន ហើយគិតមកដល់ពេលនេះក្រុមកីឡាខេត្តទទួលមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាវាយគូនារី៕




