ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា និងអ្នកតំណាងក្លិបបាល់ទះជើងខ្លាំង នៅកម្ពុជា នៅសាលប្រជុំនាយកដ្ឋាន សិស្សនិស្សិតចូលរួមពិធីចាប់ឆ្នោត ជាផ្លូវការនៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទះមិត្តភាពអបអរសាទរ «ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ តទៅ ។
លោក បឹង គីមតោ បានប្រាប់ឲ្យដឹងថា ការាប្រកួតបាល់ទះ នេះ បង្កើត ឡើង ក្នុងគោលបំណង ចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ និងផ្តល់ឱកាសឲ្យកីឡាករ បាល់ទះកម្ពុជា បានបង្ហាញសមត្ថភាព និងកម្ដៅសាច់ដុំ ដើម្បីបង្កើន កម្រិត សមត្ថភាពឲ្យកាន់តែ ប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗ នាពេលខាងមុខទៀត ជាពិសេសការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ។
លោកបានបន្តថា ក្រុមដែលមានឈ្មោះចូលរួម មានក្លិបកីឡាបាល់ទះវិសាខា ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋាន អង្គរក្ស ក្លិបកីឡាបាល់ទះ កងពលអន្តរាគមន៍លេខ៣ និងក្លិបកីឡាបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ចំណែក ពានរង្វាន់ សម្រាប់លើក ទឹកចិត្តដល់ក្រុមជ័យលាភីវិញ ចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកា ២លានរៀល ចំណាត់ថ្នាក់លេខ២ ថវិកា ១,៥លានរៀល និងចំណាត់ថ្នាក់លេខ៣ ថវិកា១លានរៀល ។
សហព័ន្ធ កីឡាបាល់ទះ កម្ពុជា បានសហការជាមួយក្រុមហ៊ុន Forward Sportswear រៀបចំការ ប្រកួត កីឡា បាល់ទះមិត្តភាព អបអរសាទរ «ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១» ពីថ្ងៃទី២០ ដល់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះ នៃពហុកីឡដ្ឋានព្រីនស៍ ដែលមានការ ចូលរួម ប្រកួត ពី ក្លិប កីឡាបាល់ទះចំនួន៥ ផ្សេង គ្នា៕