ភ្នំពេញ ៖ ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ រក្សាតំណែងជើងឯក នៃព្រឹត្តិការណ៍ ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ និងការប្រកួតកីឡា កាយសម្ព័ន្ធ ដណ្ដើមពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៤ បន្ទាប់ពីបញ្ចប់ការប្រកួត ជាផ្លូវការនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នៅសាលហ្វឹកហ្វឹនសហព័ន្ធ ។
ក្នុងឳកាសពិធីបិទការប្រកួត ជាផ្លូវការដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាតំណែងឲ្យលោក ហ៊ុន សាមុតនាយកដ្ឋានអប់រំកាយ និងកីឡា និងអ្នកតំណាងក្លិប សមាគមកីឡាកាយសម្ព័ន្ធ ។
ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ នៅតែជាក្រុមខ្លាំងដដែល ដោយប្រជែងបានមេដាយមាស ចំនួន៥គ្រឿង មេដាយប្រាក់ ចំនួន៤គ្រឿង និងមេដាយសំរិទ្ធ ចំនួន៦គ្រឿង ក្រុមមកពីខេត្តក្រចេះ ឈរនៅចំណាត់ថ្នាក់លេខ២នោះ ប្រជែងបានមេដាយមាស ចំនួន៤គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធ ចំនួន៤គ្រឿង ខេត្តកំពង់ឆ្នាំង បានមេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ ចំនួន៥គ្រឿង និងមេដាយសំរិទ្ធ ចំនួន៣គ្រឿង និងខេត្តតាកែវ ដណ្ដើមបានមេដាយមាស ចំនួន១គ្រឿង និង មេដាយប្រាក់ចំនួន៣គ្រឿង ។
លោកណយ ផាណា ជាអគ្គលេខាធិការ សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ក្លិប-សមាគមចំនួន៨ មកពី៤រាជធានី-ខេត្ត ដែលមានកីឡាករ-កីឡាការិនី ចំនួន៦១រូបរួមជាមួយមន្ត្រីបច្ចេកទេស និងចៅក្រមចំនួន៤២រូប និងមន្ត្រីស្ម័គ្រចិត្តចំនួន១០រូប បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
នេះជាការប្រកួតជ្រើស រើសកីឡាករ កីឡាការិនី ប្រចាំឆ្នាំ២០២០ និងជ្រើសរើសកីឡាករកីឡាការិនីឆ្នើម សម្រាប់ការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ជាមួយនឹងការត្រៀមលក្ខណៈ សម្រាប់ចេញទៅហ្វឹកហាត់ នៅប្រទេសចិន ក្នុងឆ្នាំ២០២១នេះ ក្រោមការប្រើប្រាស់ថវិកាសរបស់ក្រសួងអប់រំយុវជន និង កីឡា៕