ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំSEA GAMES ឆ្នាំ២០២៣ ថ្ងៃទី២១មករានេះ បានជម្រាបមកគ្រប់សហព័ន្ធជាតិទំាងអស់ ត្រូវត្រៀមចូលរូមប្រកួតកីឡាSEA GAM ES លើកទី៣១ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមថា ត្រូវអនុវត្តន៍តាមអនុសាសន៍ណែនាំ របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ ។
តាមស្មារតីសន្និបាត បូកសរុបការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំSEA GAM ESឆ្នាំ២០២៣(Camsoc) ទិសដៅឆ្នាំ២០២១ និងការដាក់ចេញគោលការណ៍សំខាន់ៗ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc សូមឲ្យសហព័ន្ធជាតិ ចាប់ផ្ដើមអនុវត្តន៍ នូវសកម្មភាពដូចខាងក្រោម ។
សូមបើកសន្និបាត ឬ កិច្ចប្រជុំរួមរបស់សហព័ន្ធ ដើម្បីពិនិត្យផែនការសកម្មភាព ក្នុងតំណាក់កាលរៀបចំ Games Operation Time 2021 ឲ្យបានមុតស្រួចស៊ីជម្រៅ ក្នុងការអភិវឌ្ឍន៍សមត្ថភាព គុណផលកីឡាកម្រិតខ្ពស់ ប្រចាំជំនាញកីឡារបស់ខ្លួននីមួយៗ និងពិនិត្យជម្រុញ រៀបចំក្រុមកីឡាករ TEAM Sea Games ឲ្យមានប្រសិទ្ធិភាព មានទេពកោសល្យគ្រប់គ្រាន់ មានគ្រូបង្វឹកមានគុណវឌ្ឍន៍ខ្ពស់(Q ualified Coach) ដើម្បីដាក់ការហាត់ហ្វឹកហ្វឺនកម្រិតបន្ទុក និងអាងតង់ស៊ីតេខ្ពស់ក្នុងឆ្នាំ២០២១ ។
ក្នុងនោះថ្នាក់ដឹកនាំសហព័ន្ធ និងគ្រូបង្វឹកជំនាញ ត្រូវពង្រឹងការដឹកនាំផែនការខាងលើ ដោយប្រើយន្ដការត្រួតពិនិត្យ តាមដានវាយតម្លៃជាប្រចាំ និងរាយការណ៍ជូន Camsoc រៀងរាល់មួយខែម្ដងជាទៀតទាត់ ៕ ដោយ៖លី ភីលីព