កីឡា

ក្រុមកីឡាប្រដាល់សកល ក្រសួងមហាផ្ទៃឈរ នៅលំដាប់កំពូលតារាង នៃការប្រកួតកីឡា ប្រដាល់សកលជើងឯក ជាតិ២០២០

ភ្នំពេញ ៖ ក្រុមកីឡាប្រដាល់សកល ក្រសួងមហាផ្ទៃ ដណ្តើមបានចំណាត់ថ្នាក់លេខ១ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់សកលជ្រើសរើសជើងឯក ជាតិថា្នក់ឆ្នាំ២០២០ រៀបចំដោយសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ក្រោមការគាំទ្រ ថវិកាពីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបញ្ចប់ការប្រកួត ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នៅសាលហ្វឹកហ្វឺនកីឡា ប្រដាល់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្រុមប្រដាល់សកលក្រសួងមហាផ្ទៃ ទទួលចំណាត់ថ្នាក់លេខ១ ដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រសួងការពារជាតិឈរលេខ២ ទទួលបានមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធចំនួន១គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបាន មេដាយមាស១ គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ខេត្តកណ្ដាលដណ្តើមបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿងចំពោះរាជធានី និងខេត្តដទៃទៀតបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរិទ្ធប៉ុណ្ណោះ ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជាបានអះអាងថា ការប្រកួតសម្រាប់ពន្លឿន ការអភិវឌ្ឍន៍សហព័ន្ធកីឡាជាតិ និងដើម្បីវាស់ស្ទង់នូវកម្រិត សមត្ថភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីផងនោះ។
សព្វថ្ងៃនេះទីផ្សារ សម្រាប់ប្រកួតប្រដាល់សកល នៅកម្ពុជាចង្អៀតណាស់ ព្រោះក្រៅពីការប្រកួតជើងឯកប្រចាំឆ្នាំ ដោយប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និងកីឡាគឺពួកគេមិនមានការប្រកួត ក្រៅពីនេះទៀតឡើយ ។ សកម្មប្រកួតប្រដាល់នៅតាមបណ្ដា ស្ថានីយ៍ទូរទស្សន៍ឯកជននានា មានលក្ខណៈមានលក្ខណៈគគ្រឹកគគ្រេងមែន តែបណ្ដាក្រុមហ៊ុនដែលឧបត្ថម្ភ ព្រឹត្តិការណ៍ទាំងនោះគេមិនទទួលឲ្យមានការប្រកួតប្រដាល់សកលឡើយ ។

ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ លោកអគ្គលេខាធិការ សហព័ន្ធរបស់លោក នឹងស្វែងរកជំនួយឧបត្ថម្ភ ដើម្បីរៀបចំការប្រកួតដោយខ្លួនឯង ក្នុងឆ្នាំនេះសហព័ន្ធ ប្រដាល់សកលកម្ពុជា នឹងធ្វើបញ្ហានេះឲ្យចេញដោយឆាប់ៗ ដែលយ៉ាងហោចណាស់ក៏មួយខែ មានការប្រកួតបានម្ដងដែរ ៕

Most Popular

To Top