ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ដែលប្រព្រឹត្តនៅខេត្តកែបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះក្លិបកីឡាទ្រីយ៉ាត្លុង ក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគ បន្ទាប់មកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ។
ក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរ ចំណាត់លេខ១នៃការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយដណ្តើមបានចំនួន០៦គ្រឿងរួមមាន មេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ក្នុងចំណោមសមាគម-ក្លិបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ បាននិយាយថា ដោយការប្រកួតនេះមានចំនួន៣វិញ្ញាសាគឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង (Duathlon) និង អាគ័រត្លុង(Aquathlon) ដោយគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ កីឡាករចូលរួមចំនួន១៤រូប និងកីឡាការិនីចំនួន៤រូប ។ សម្រាប់វិញ្ញាសានេះត្រូវចាប់ផ្ដើម ជាមួយនឹងការហែលទឹកចម្ងាយ៧៥០ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ ដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ ចំពោះប្រភេទកីឡាឌូអាត្លុងមានកីឡាករចូលរួមចំនួន២០រូប និង កីឡាការិនីចំនួន១២រូប ។
ប្រភេទវិញ្ញាសានេះចាប់ផ្ដើមដោយការរត់ ចម្ងាយ៥គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ និងប្រភេទវិញ្ញាសាអាគ័រត្លុងមានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ ។អាគ័រត្លុងនេះគឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ចំណែកអាគ័រត្លុងចាប់ផ្ដើមដោយ ការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងបញញចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ៕






