ភ្នំពេញ ៖ ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡា បាល់ទះកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជាអធិបតីពិធី បិទការប្រកួតកីឡាបាល់ទះមិត្តភាព អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ (១៩៧៩-២០២១) នៅពហុកីឡដ្ឋានព្រីនស៍ នៃហ្គេនភ្នំពេញ ។
ក្នុងការឆ្លងកាត់ប្រកួត យ៉ាងស្វិតស្វាញ អស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានរកឃើញក្រុម ដែលដណ្តើមបានជើងឯក គឺក្រុមបាល់ទះវិសាខាទំាង៤ ប្រកួតឈ្នះទំាង៤ ទទួលបាន១២ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ១ ទទួលពានមួយ និងប្រាក់រង្វាន់ ៥លានរៀល ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានត្រឹមជើងឯករង ទទួលប្រាក់រង្វាន់៣លានរៀល ។
ចំណែកក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ឈរចំណាត់ថ្នាក់លេខ៣ ទទួលប្រាក់រង្វាន់២លានរៀល ចំពោះក្រុមបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលប្រាក់រង្វាន់៥០ម៉ឺនរៀល ក្នុងមួយក្រុម ។ ការប្រកួតនេះមាន៥ ក្រុមចូលរួមគឺក្រុមបាល់ទះវិសាខា ក្រុមបាល់ទះក្រសួងមហាផ្ទៃ ក្រុមបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ៕





