ភ្នំពេញ៖ លោក ម៉ិល កាដូ អគ្គនាយករងតំណាងឲ្យ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ ក ” កីឡាវ៉ូវីណាមប្រចាំឆ្នាំ ២០២០ នៅទីលានហ្វឹកហាត់សហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនជាតិ ក្រោមការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា ក្រោមការផ្តល់ថវិការគាំទ្រ របស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធបានរៀបចំ វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញា កណ្តាល កម្រិត “ ក ” កីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានសិក្ខាកាមចូលរួមចំនួន២៨រូប ស្រ្តី០៥រូបអញ្ជើញមកពីខេត្ត ស្វាយរៀង កណ្តាល កំពង់ចាម ប៉ៃលិន ព្រៃវែង កំពង់ធំ កំពតត្បូងឃ្មុំ ខេត្តសៀមរាប ក្លិបនៅក្នុងរាធានីភ្នំពេញ មានចំនួន៦ក្លិប និងក្រសួង២ ។ ឆ្លងតាមរយៈការសិក្សារួចមកសិក្ខាកាម មានការសិក្សាដោយ យកចិត្តទុកដាក់រៀនសូត្រ ទទួលបានលទ្ធផលដូចតទៅនិទ្ទេសល្អ ៥០% និទ្ទេសមធ្យម ៣០% និងនិទ្ទេសខ្សោយ ២០%។
លោក ស៊ូម សារឿន បានមានប្រសាសន៍ថា បណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមនៅក្នុងឆ្នាំនេះ ផ្តោតជាសំខាន់ទៅលើច្បាប់ និងបែបបទនៃការប្រកួត ការដាក់ពិន័យនិងការព្រមាន បច្ចេកទេសនៃការដាក់ពិន្ទុ ឲ្យកីឡាករ-កីឡាការិនី ការអនុវត្តជាក់ស្តែងលើទីលាន និងបទបញ្ញត្តិទូទៅនៃកីឡា។
សិក្ខាកាមរបស់យើង នៅមានសមត្ថភាពខ្វះខាតច្រើន ចាំបាច់ណាស់ត្រូវតែពង្រឹងបន្ថែមទៀត ក្នុងន័យដើម្បីធ្វើឲ្យសិក្ខាកាមរបស់យើង ក្លាយទៅជាចៅក្រម និងអាជ្ញាកណ្តាល ប្រកបដោយគុណវុឌ្ឈ និងថាមពលទាំងក្នុងក្របខណ្ឌ ការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិនាពេល អនាគត ហេតុដូចនេះ សហព័ន្ធវវីណាមកម្ពុជា នៅមានកិច្ចការជាច្រើនទៀត ត្រូវបំពេញនៅក្នុងឆ្នាំ ២០២១ នេះ គឺបន្តបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាល ឲ្យបានច្រើនបន្ថែមទៀតដើម្បី ពង្រឹងនិងជំរុញអភិវឌ្ឍន៍ សមត្ថភាពធនធានរបស់ពួកគាត់ ឲ្យមានការរីកចម្រើន។
លោក ម៉ិល កាដូបានមានប្រសាសន៍ថា ខ្ញុំពិតជាមានការកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះសហព័ន្ធរ៉ូវីណាមកម្ពុជា ដែលបានផលិតនូវធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍ គ្រប់គ្រាន់នឹងក្លាយនាពេលអនាគត ទៅជាចៅក្រម និងអាជ្ញាកណ្តាលបន្តវេនដ៏ឆ្នើមក្នុងវិស័យ កីឡាវ៉ូវីណាមរបស់ប្រទេសកម្ពុជា។ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាមកម្ពុជា ឲ្យកាន់តែរីកចម្រើន ប្រកបដោយសក្តានុពលថែមទៀត ៕ ដោយ៖លី ភីលីព