ភ្នំពេញ ៖ ក្រោយពីបញ្ចប់បណ្តុះ បណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ ក ” កីឡាវ៉ូវីណាមប្រចាំឆ្នាំ ២០២០ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រកាសបើកព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ដែលមានរយៈ៣ថ្ងៃ នៅសាលហ្វឹកហាត់បាល់បោះ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ក្រោមការផ្តល់ថវិការគាំទ្រ របស់ក្រសួងអប់រំយុវជន និងកីឡាដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី២៧ដល់២៩ ខែមករា ឆ្នាំ២០២១ សាលហ្វឹកហាត់បាល់បោះ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ការប្រកួតឆ្នាំនេះ យោងតាមអង្គប្រជុំរបស់សហព័ន្ធ សម្រេចដាក់១៧វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន៩ ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនមានចំនួន៨ ។
លោកបានបន្តថា ចំពោះកីឡាករ-កីឡាការិនីមានចំនួន១២ក្លិប និងសមាគម ក្នុងនោះ មានសមាគមកីឡាវ៉ូវីណាម ក្រសួងមហាផ្ទៃ និងសមាគមកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ដោយមានអត្តពលិក ចំនួន៧៦នាក់ ក្នុងនោះកីឡាករចំនួន៤៨ និងកីឡាការិនី២៨នាក់ ៕ដោយ៖លី ភីលីព





