ភ្នំពេញ ៖ សហព័ន្ធកីឡាតុងហ្គីល ម៉ូដូកម្ពុជានា ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១ ចាប់ផ្តើមព្រឹត្តិការណ៍ ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលព្រឹត្តិការណ៍រៀបចំឡើង ដោយសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២០។
លោក ចំរើន សុផល អគ្គលេខាធិការ នៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ រយៈពេល៥ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១០៤នាក់ ក្នុងនោះកីឡាការិនី៣១នាក់ និងកីឡាករ៧៣នាក់ មកពី១២ក្លិប រួមមានក្លិបកីឡាតុងហ្គីលម៉ូដូព្រាបស ក្លិបកីឡាតុងហ្គីលម៉ូដូ ឌូវី ក្លិបកីឡាតុងហ្គីលម៉ូដូ ស្រុកថ្មគោល និងក្លិបកីឡាតុងហ្គីល ម៉ូដូឃុំជ្រៃ ។
ក្លិបកីឡាតុងហ្គីលម៉ូដូ ខេត្តសៀមរាប ក្លិបកីឡាតុងហ្គីលម៉ូដូក្រុងកំពត ក្លិបកីឡាតុងហ្គីលម៉ូដូ បញ្ញសាស្រ្តសាខាខាងលិច ក្លិបកីឡាតុងហ្គីលម៉ូដូ NIC JEJU ក្លិបកីឡាតុងហ្គីលម៉ូដូស៊ូស៊ូ ក្លិបកីឡាតុងហ្គីលម៉ូដូ នាគរាជចតុមុខ ក្លិបកីឡាតុងហ្គីលម៉ូដូ បញ្ញសាស្រ្ត និងក្លិបកីឡាតុងហ្គីលម៉ូដូ វិទ្យាល័យបាក់ទូក ។
លោកបានបន្តថា សម្រាប់ឆ្នាំនេះសហព័ន្ធបានដាក់វិញ្ញសា ប្រកួតជាច្រើនដូចជាវិញ្ញាសាមេគុនឯកត្តជន បុរស១នាក់ និងនារី១នាក់ រីឯវិញ្ញាសាសម្តែងបច្ចេកទេស ពិសេស (តាមចង្វាក់ភ្លើង) ៖ បុរស-នារី២នាក់ កុមារចំនួន៣នាក់ និងសម្តែងជាក្រុម៤នាក់ ។ ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជន ៖ ផ្នែកនារីក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាម ទម្ងន់ ៥០ គីឡូក្រាម ទម្ងន់ ៥៥ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម និងប្រភេទទម្ងន់សេរី ។
ចំពោះផ្នែកបុរសក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៥ គីឡូក្រាម ទម្ងន់ ៧០ គីឡូក្រាម និងប្រភេទទម្ងន់សេរី និងផ្នែកប្រយុទ្ធជាក្រុម ៖ កុមារអាយុ១៤ឆ្នាំ ៣នាក់ ៕ ដោយ៖លី ភីលីព



