កីឡា

លោក ស សុខា ៖ កីឡាករ-កីឡាការិនី វ័យក្មេង ត្រូវខំប្រឹងឲ្យខ្លាំង ចេញពីខ្លួនយើង ទើបអាចកែប្រែវាសនាខ្លួន ឲ្យត្រដែត ដូចវីរកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង ស្រ៊ាង សូរ៉ាឃីម

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ប៉េតង់ ចំនួន៣៥០នាក់ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឳកាសបើកការប្រកួត ជាផ្លូវការនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ អញ្ជើញចូលរួមពីសំណាក់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងប្រធានសមាគម-ក្លិប កីឡាប៊ូល និងប៉េតង់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត។
លោក សូម៉ៃ សុខគា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានគណៈប្រតិភូចំនួន៥០នាក់ គ្រូបង្វឹកចំនួន៥២នាក់ និងក្រុមកីឡាករ-កីឡាការិនីប៉េតង់ ចំនួន៣៥០នាក់ សរុបចំនួន៤៥២នាក់ ។ វិញ្ញាសាវិញមានចំនួន៦ រួមមាន៖ ១-វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ (ពានធំ) ,វិញ្ញាសានារី ៣នាក់ទល់៣នាក់, យុវជនអាយុ១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវនារីអាយុ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ (ឆ្នាំកំណើតពីឆ្នាំ២០ ០២), យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥) និងវិញ្ញាសា អាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥) ។

លោក ស សុខា បានមានប្រសាសន៍ថា សូមឲ្យការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេសពិតៗ ជាពិសេស ការកាត់សេចក្ដី មិនលម្អៀង តាមរយៈខ្សែនោះឡើយ ព្រោះថា បើយកខ្សែអត់មានសមត្ថភាព ទៅប្រកួតលើឆាកអន្តរជាតិ និងធ្វើមិនបានល្អ ច្បាស់ជាខ្មាស់គេហើយ។ យើងត្រូវប្រកួត ឲ្យអស់សមត្ថភាព ហាមយោគយល់គ្នា ឬប្រកួតលំៗ ទោះស្គាល់គ្នាក្ដី ព្រោះថាលទ្ធផល ឈ្នះលំៗ ដែលដៃគូម្ខាងទៀត បន្ធូរ=jy មិនអាចយកទៅប្រជែង លើឆាកអន្តរជាតិបានទេ ។

លោកបានបន្តថ កីឡាករ-កីឡាការិនីវ័យក្មេងក៏ត្រូវប្រឹង ឲ្យខ្លាំងដូចគ្នា ឬអាចនិយាយបានថា ការប្រកួតលើកនេះ អាចកែប្រែវាសនាខ្លួនឲ្យត្រដែត ដូចវីរកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងស្រ៊ាង សូរ៉ាឃីម ។ ការខំប្រឹងចេញពីខ្លួនយើង គឺមានតម្លៃណាស់ ហើយសូមមើលគន្លង វីរកីឡាការិនី កែ ឡេង មានជីវិតតស៊ូមកពីខេត្ត រហូតក្លាយជាវីរនារីល្បីឈ្មោះ ប្រចាំប្រទេសរបស់យើង និងឈ្នះជើងឯកពិភពលោក៤ សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top