ភ្នំពេញ៖ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់មេដាយ ជូនកីឡាករ-កីឡាការិនីវ៉ូវីណាម នៃការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាសាលបាល់បោះ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ការប្រកួតកីឡាវ៉ូវីណាម ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូកទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការសហការយ៉ាងជិតស្និទ្ធ ជាមួយ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ ។ ការប្រកួតមានក្រុមចូលរួម១២ក្លិប មកពីរាជធានី ខេត្ត និងក្រសួងស្ថាប័ន២ និងមានកីឡាករ ៤៨នាក់ កីឡាការិនី ២៨នាក់ សរុបទាំងអស់៧៦នាក់ មាន១៧វិញ្ញាសា ការប្រកួតចែកជា២ផ្នែកធំៗ។
ក្នុងឱកាសនោះផងដែរ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តប៉ៃលិន ឧបត្ថម្ភដល់ក្រុមអត្តពលិកវ៉ូវីណាមខេត្តប៉ៃលិន ចំនួន១,៨០០,០០០រៀល ក្នុងមួយម្នាក់២០ម៉ឺនរៀល។ សម្រាប់ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ ក្រុមអត្តពលិកវ៉ូវីណាមខេត្តប៉ៃលិន ដណ្តើមបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕ ដោយ៖លី ភីលីព




