កីឡា

លោកប៊ូ ជុំសេរី៖ ការប្រកួតជើងឯក ក្នុងគោលបំណង វាស់ស្ទង់ និងពង្រឹង សមត្ថភាពបន្ថែម របស់អត្តពលិក វ៉ូវីណាមត្រៀម SEA GAMES 2021-2023

ភ្នំពេញ៖ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់មេដាយ ជូនកីឡាករ-កីឡាការិនី វ៉ូវីណាម នៃការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នាសាលបាល់បោះ របស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាម ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូកទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការសហការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ ។

ការប្រកួតមានក្រុមចូលរួម១២ក្លិប មកពីរាជធានី ខេត្ត និងក្រសួងស្ថាប័ន២ និងមានកីឡាករ ៤៨នាក់ កីឡាការិនី ២៨នាក់សរុបទាំងអស់៧៦នាក់ មាន១៧វិញ្ញាសា ការប្រកួតចែកជា២ផ្នែកធំៗ លោក ស៊ូម សារឿន បានមានប្រសាសន៍ថ តំាងនាមខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ទំនុកចិត្តគាំទ្រផ្នែកស្មារតី និងសម្ភារៈមកលើសហព័ន្ធវ៉ូវីណាមកម្ពុជា ដោយបានអនុញ្ញាត ឲ្យសហព័ន្ធធ្វើការ រៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកឆ្នាំ២០២០ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យគួរជាទីមោទនៈ។ ការប្រកួតលើកនេះ​​ ធ្វើឡើងក្នុងគោលបំណង ត្រៀមលក្ខណៈពង្រឹងសមត្ថភាព នៃការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

លោកប៊ូ ជុំសេរី ក៏បានមានប្រសាសន៍ថ ការប្រកួតជើងឯក ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែម នៃការប្រកួតរបស់កីឡាករ-កីឡាការិនី នៅក្នុងកម្រិតនៃក្របខណ្ឌ ការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិក្នុងការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ របស់អត្តពលិករបស់យើង ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ធ្វើការកែលម្អចំណុចខ្វះខាតទាំងអស់នោះ ក្នុងន័យចូលរួមការប្រកួត ប្រកបដោយសក្តានុពល និងពោរពេញដោយលក្ខណៈបច្ចេកទេសខ្ពស់ សម្រាប់ការប្រកួត SEA GAMES នៅទីក្រុងហាណូយឆ្នាំ២០២១ និង SEA GAMES ឆ្នាំ២០២៣ នាពេល ខាងមុខ។

ក្នុងឱកាសនោះផងដែរ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តប៉ៃលិនឧបត្ថម្ភ ដល់ក្រុមអត្តពលិកវ៉ូវីណាមខេត្តប៉ៃលិន ចំនួន១,៨០០,០០០រៀល ក្នុងមួយម្នាក់២០ម៉ឺនរៀល។ សម្រាប់ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ ក្រុមអត្តពលិកវ៉ូវីណាមខេត្តប៉ៃលិន ដណ្តើមបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕ ដោយ៖លី ភីលីព

Most Popular

To Top