កីឡា

ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៥ ប្រភេទទម្ងន់ពីការ ប្រកួតជើងឯក គុនខ្មែរឆ្នាំ ២០២០

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាប្រដាល់គុនខ្មែរជ្រើសរើស ជើងឯកថ្នាក់ជាតិ២០២០ ដែលបានបើកការប្រកួត កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ហើយ នាល្ងាចថ្ងៃទី២៩មករា ឆ្នាំ ២០២១នៅស្តាតចាស់ ។ ព្រឹត្តិការណ៍នេះ រៀបចំដោយសហព័ន្ធក្រោមការគាំទ្រ ថវិកាក្រសួងអប់រំ យុវជន និងកីឡា និងសហការជាមួយក្រុមហ៊ុនសែលខាត មានរយៈពេល៥ថ្ងៃ ទីចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់ ។

ពិធីបិទនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ឯម ហៀង តំណាងឲ្យNO CC និង លោក អៀន វ៉ាន់សិន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard។

ឆ្លងកាត់ការប្រកួតរយ:ពេល៥ថ្ងៃមកនោះ កីឡាករនៅសមាគមក្រសួងការពារជាតិ បានឈ្នះមេដាយមាសច្រើនជាងគេ ក្នុងចំណោមវិញ្ញាសាចំនួន ៩ ប្រភេទទម្ងន់ ដែលគណៈកម្មការបច្ចេក ទេសបានដាក់ឲ្យប្រកួតប្រជែង។ ក្រសួងការពារជាតិ បានមេដាយមាសចំនួន ៥ ប្រភេទទម្ងន់ ក្នុងនោះមានទម្ងន់ ៤៨គីឡូក្រាម ទម្ងន់ ៥៧គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៧ គីឡូក្រាមនិងទម្ងន់ ៧១ គីឡូក្រាម ។

ក្រសួងមហាផ្ទៃ ឈ្នះបានមេដាយមាស ២ លើ ទម្ងន់ ៤៥ គីឡូក្រាមនិងប្រភេទទម្ងន់ ៥៤ គីឡូ ក្រាម ហើយសមាគមប្រដាល់ ខេត្តកោះកុង ឈ្នះមេដាយមាស១ លើប្រភេទទម្ងន់ ៦៣,៥០០ គីឡូ ក្រាម និងខេត្តស្វាយរៀង ឈ្នះមេដាយមាស ១ លើប្រភេទទម្ងន់៥១គីឡូក្រាម ។

លោក តែម ម៉ឺន បានមានប្រសាសន៍ ក្នុងឱកាសនិទការប្រកួតថា កីឡាករ ដែលជាជ័យលាភី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សុទ្ធ តែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំ ជាកីឡាករជម្រើសជាតិ ដើម្បីហ្វឹកហាត់ ត្រៀមចូល រួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាមនាឆ្នាំ២០២១ និងលើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាមាន ឱកាសធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា ការប្រកួតជើងឯកកីឡាប្រដាល់គុនខ្មែរ ឆ្នាំ២០២០ មានកីឡាករចំនួន១០៨នាក់ មកពី១៦ សមាគមក្នុងរាជធានីខេត្តនៅទូទាំងប្រ ទេសកម្ពុជា និងគណៈកម្មការបច្ចេកទេសជាង ១០០នាក់រួមមានគណៈកម្មការវិនិឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំសម្លៀក បំពាក់ គណៈកម្មការថ្លឹកគីឡូក្រាម និងគណៈកម្ម ការពេទ្យ ៕
ដោយ៖លី ភីលីព

Most Popular

To Top