កាលពីម្សិលមិញនេះ មានការបែកធ្លាយកុងត្រាសម្ងាត់មួយរបស់ក្លឹប FC Barcelona ជាមួយកីឡាករ Lionel Messi ដែលមានតម្លៃដល់ទៅ៤៩០លានផោនឯណោះ។
ក្រុម Barcelona និង Messi បានបន្ដកុងត្រាថ្មីកាលពីឆ្នាំ២០១៧កន្លងទៅនោះ ដោយមិនបានបង្ហាញច្បាស់ពីតម្លៃនៃកុងត្រាឡើយ។ តែពេលនេះស្រាប់តែបែកធ្លាយតម្លៃកុងត្រានោះតែម្ដង ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះប្រាក់ឈ្នួលរបស់ Messi ក្នុង១ឆ្នាំៗ។ ដោយក្នុងលិខិតកុងត្រាបានបញ្ជាក់ថា កីឡាករអាហ្សង់ទីនទទួលបាន១០២លានផោនភ្លាមនៅពេលចុះកុងត្រាឆ្នាំនោះ ហើយមានប្រាក់ឈ្នួលទៀងទាត់ ១២២លានផោនក្នុង១ឆ្នាំថែមទៀត។
ដោយតម្លៃនេះពិតជាខ្ពស់ ខ្ពស់ខ្លាំងមែនទែនបើធៀបជាមួយកីឡាករល្បីៗផ្សេងទៀត ខណៈដែលកន្លងមក គេព្យាករណ៍ថា Messi បានត្រឹមតែ៨៨លានផោនទេក្នុង១ឆ្នាំក្នុងកុងត្រាកន្លងមកនោះ។ រឿងបែកធ្លាយកុងត្រាសម្ងាត់នេះហើយ ទើបបានជាគេដាក់ចម្ងល់ថាតើនរណាជាអ្នកទម្លាយរឿងនេះ ខណៈដែលកុងត្រានេះធ្វើឡើងតែ២ភាគីទេ គឺ Messi សាមីខ្លួនផ្ទាល់ និងក្លឹប Barcelona ។
ពេលនេះក៏មានដំណឹងថា Messi និង Barcelona ត្រៀមប្រើផ្លូវច្បាប់ដើម្បីស្វែងរកមុខអ្នកទម្លាយរឿងនេះដែរ ហើយនឹងចូលខ្លួនមកទទួលខុសត្រូវចំពោះបញ្ហានេះ៕
ប្រភព៖ Sabay