កីឡា

លោក ហ៊ុន ម៉ានី៖ ការប្រកួតកីឡាប៉េតង់ជើងឯក ពេលនេះបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ ការតស៊ូ និងស្មារតីជាក្រុមទាំងអស់គ្នា

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងប្រធានសមាគម-ក្លិបកីឡាប៊ូលនិងប៉េតង់ នៅតាមក្រសួង ស្ថាប័នរាជធានី-ខេត្តនឹងអញ្ជើញចូលរួម ពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ស សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ គណៈប្រតិភូចំនួន៥០នាក់ គ្រូបង្វឹកចំនួន៥២នាក់ និងក្រុមកីឡាករ-កីឡាការិនីប៉េតង់ចំនួន ៣៥០នាក់ សរុបចំនួន៤៥២នាក់មានក្លិប-សមាគមចំនួន ៥៩ មកពី១៦ខេត្ត រួមជាមួយ៦វិញ្ញាសាវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ (ពានធំ) វិញ្ញាសានារី ៣នាក់ទល់៣នាក់ យុវជនអាយុ១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ យុវនារីអាយុ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ និងវិញ្ញាសាអាយុ១៥ឆ្នាំចុះ១នាក់ទល់១នាក់។ ក្រោមស្នាមដៃបិតាស្ថាបនិកសហព័ន្ធ កីឡាប៉េតង់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន កម្ពុជាដណ្តើមមេដាយលើឆាក អន្តរជាតិជាង៣០០គ្រឿង។

លោក ហ៊ុន ម៉ានី ក៏បានមានប្រសាសន៍ថា អបអរសាទរក្រុមកីឡាករ-កីឡាការិនី និងជយលាភីនៃការប្រកួត កីឡាប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ហើយភាពជោគជ័យនៅថ្ងៃនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ ការតស៊ូ និងស្មារតីជាក្រុមទាំងអស់គ្នា។ ទោះបីជាលទ្ធផលយ៉ាងណាក្តីតែ អ្វីដែលមិនអាចកាត់ថ្លៃបានគឺមិត្តភាព និងសាមគ្គីភាព ហើយតាមរយៈការប្រកួតនេះគឺជាបទពិសោធន៍ថ្មីមួយ និងការហ្វឹកហាត់បន្ថែមដើម្បីបន្តភាព រឹងមាំសម្រាប់ឆ្នាំបន្តបន្ទាប់ និងអនាគតនៃកីឡានេះដើម្បីកិត្តិសព្ទកម្ពុជា ដែលទទួលបានកន្លងមក។

លោកបានបន្តថា ប្រទេសកម្ពុជាទទួលបានការកោតសរសើរ និងការវិវឌ្ឍជាបន្តបន្ទាប់ចាប់តាំងពី ការកកើតឡើងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កាលពីឆ្នាំ១៩៩២ ដោយមានសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ជាស្ថាបនិក ជាមួយស្ថានិកដទៃទៀត ដែលកម្ពុជាទទួលបានមេដាយ អន្តរជាតិសរុបរហូតដល់ ៣០៦គ្រឿង ក្នុងនោះមានមេដាយមាស ៨៨គ្រឿង ប្រាក់ ១០៨គ្រឿង និង ១១០សំរឹទ្ធ គ្រឿង ៕

Most Popular

To Top