កីឡា

លោក ខេស៊ី បាណេត ៖ ការប្រកួតជើងឯក ថ្នាក់ជាតិ ជាគោលការណ៍សំខាន់ សម្រាប់រកអ្នមានជំនាញ និងសក្តានុពល ខ្ពស់ជាងគេ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាចំបាប់បុរាណ -សម័យជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ក្លិបកីឡាចំបាប់ក្រសួង មហាផ្ទៃ ដណ្តើមឈរលំដាប់លេខ១ កំពូលតារាងប្រកួត ដោយដណ្តើម បានមេដាយទំាងអស់២១គ្រឿង ខណៈក្លិបកីឡាចំបាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទទួលបានជើងឯករង ។

ក្នុងឳកាសពិធីបំពាក់មេដាយ និងប្រគល់ប្រាក់រង្វាន់ជ័យលាភី នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោកស្រី នោរមរ្យ អនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ។
លោក ខេស៊ី បាណេត បានមានប្រសាសន៍ថា ចំបាប់ជាប្រភេទកីឡា ដែលមានសក្តានុពល ដោយតាមរយៈព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ គឺជាការចាប់ផ្តើមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងក្តីរំពឹងថានឹងឈ្នះមេដាយផងដែរ ។ ដូច្នេះហើយយើងត្រូវត្រៀម ខ្លួនបន្តការហ្វឹកហាត់ ដើម្បីនាំយកនូវមោទនភាពជាតិ ពីការប្រកួតនេះ ក៏ដូចជាឲ្យអន្តរជាតិ បានស្គាល់ចំបាប់កម្ពុជាដូចគ្នាផងដែរ ។ លើសពីការរៀបចំប្រកួត SEA GAMES ឆ្នាំ២០២៣ នៅកម្ពុជា យើងមិនភ្លេចពីការចូលរួមថែរក្សាវប្បធម៌ខ្មែរយើងផងដែរ ដោយសារប្រភេទកីឡាចំបាប់កម្ពុជា គឺមានវិញ្ញាសា ចំបាប់អន្តរជាតិ (សម័យទំនើប) និងវិញ្ញាសាចំបាប់បុរាណ ជាវប្បធម៌ខ្មែរ ដោយនៅលើប្រាសាទ បុរាណរបស់ខ្មែរក៏បានចម្លាក់ នូវចំបាប់បុរាណនេះដែរ ។

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ ក៏បានលើកឡើងទាក់ទងនឹងការត្រៀម ចូលរួមប្រកួតប្រជែង មេដាយ នៅក្នុព្រឹត្តិការណ៍ SEA GAMES លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅប្រទេសវៀតណាមដែរ ដោយសហព័ន្ធនឹងរៀបចំ ខ្លួនឲ្យកាន់តែល្អ ប្រសើរ តាមរយៈការស្វែងរកបន្ថែម នូវគ្រូបង្វឹកអន្តរជាតិ និងគម្រោងបញ្ជូនកីឡាករ -កីឡាការិនី ជម្រើសជាតិទៅហ្វឹកហាត់បន្ថែម នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនគុណភាព បទពិសោធន៍ ក្នុងការហ្វឹកហាត់ នៅក្រៅប្រទេសផង និងនាំយកគ្រូបង្វឹកអន្តរជាតិ មកបង្ហាត់បង្រៀន កីឡាករ-កីឡាការិនី នៅក្នុងស្រុកផង។

សម្រាប់បេក្ខភាព SEA GAMES នៅប្រទេសវៀតណាម គឺការជ្រើសរើសកីឡាករ-កីឡាការិនីចេញពីការ ប្រកួតជើងឯកថ្នាក់ជាតិនេះ ហើយគោលការណ៍សំខាន់ និងក្រមសីលធម៌ គឺថាអ្នកណា ដែលមានជំនាញខ្ពស់ជាងគេ មានសក្តានុពលខ្ពស់ជាងគេ នឹងត្រូវជ្រើសរើសចូលរួមប្រកួត ប្រជែងមេដាយ នៅSEA GAMES ឆ្នាំ២០២១៕

ដោយ៖លី ភីលីព

Most Popular

To Top