ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាស នៃការប្រកួតកីឡាអាស៊ីដំបូងគេរបស់កម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា តែងតាំងជាជំនួយការសម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមានឋានៈជាអគ្គនាយក ។ នេះជាជំនួយការ សម្ដេចប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៤ ដោយពុំទទួលបាន ប្រាក់បំណាច់មុខងារឡើយ ។
កីឡាការិនី ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាសស៊ីហ្គេម និងជាម្ចាស់មេដាយមាសអាស៊ី មិនតែប៉ុណ្ណោះ កីឡាការិនីរូបនេះ ធ្លាប់ចូលរួមប្រជែងយកកៅអី សម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ នៃប្រទេសប្រេស៊ីល បានដោយជោគជ័យ ។
កីឡាការិនីរូបនេះ មានបងប្អូនចំនួន៣រូប ដែលភ្ជាប់ខ្លួនជាមួយនឹងកីឡា ។ ស៊ន អេលីត ដែលជាអតីតអ្នកប្រដាល់សកល និង ជាកីឡាករតេក្វាន់ដូមួយរូបដែរនោះ ពេលនេះបានក្លាយជា ម្ចាស់ក្លិបប្រដាល់គុនខ្មែរដ៏ល្បីល្បាញមួយ គឺក្លិបប៉ែន កាក់គុនខ្មែរ ។
កីឡាការិនី ស៊ន ដាវីន ដែលជាបងស្រីរបស់កីឡាការិនី ស៊ន សៀវម៉ី ក៏ជាកីឡាការិនីតេក្វាន់ដូ ក៏មានឈ្មោះបោះសម្លេងមួយរូប ដែលធ្លាប់ប្រជែងបានមេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេមទៀតផង ៕ ដោយ៖លី ភីលីព



