កីឡា

លោក រស់ វណ្ណា ជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្ត ដល់អត្តពលិក ក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្លិបហែលទឹក ក្រសួងសាធារណការ និង ដឹកជញ្ជូន បានជួបសំណេះសំណាល ជាមួយកីឡាករ-កីឡាការិនី ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហែម គីរី អគ្គលេខាធិការ ព្រមទាំងគ្រូបង្វឹក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា ប្រធានក្លិបហែលទឹកបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ក្នុងទឹកប្រាក់ជាង១០លានរៀល។
ក្នុងឳកាសនោះលោកប្រធាន ក៏បានតំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ថែមទៀតលើសប្រាក់ឧបត្ថម្ភប្រចាំខែ កាលពីឆ្នាំទៅសម្រាប់ ក្រុមអត្តពលិកហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោកបានបន្តថា លោកប្រធានក្លិប ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនថា យើងត្រូវស្វែងយល់នូវការ លំបាករបស់កីឡាករ-កីឡាការិនី ដើម្បីយល់ពីស្ថានភាព និងរៀបចំការហ្វឹកហាត់ឲ្យបានល្អជាងមុន ផ្តល់ការប្រឹក្សាផ្ទាល់ ដើម្បីងាយស្រួលដោះស្រាយ និង ត្រូវធ្វើឲ្យបានទៀងទាត់១ខែ ឬ៣ខែម្តង ហើយគួរមានគ្រូពេទ្យចាំ តាមដានសុខភាព អត្តពលិក និងអាចធ្វើការពិនិត្យ សុខភាពរាល់៣ខែម្តង និងសម្ភារបន្ថែមត្រូវមានឲ្យបានគ្រប់គ្រាន់ សម្រាប់ប្អូនៗក្នុងការហ្វឹកហាត់ និងការប្រកួត ។

លោអគ្គបន្ថែមទៀតថា លោកបានឯកភាព ឲ្យមានការបណ្តុះបណ្តាល នូវទំពាំងស្នងឬស្សីបន្តវេន ព្រោះនេះ ក៏ជាគោលបំណង របស់លោកទេសរដ្ឋមន្ត្រីផងដែរ ដែលចង់ឲ្យមានការបណ្តុះបណ្តាល អ្នកបន្តវេន ទៅថ្ងៃមុខ ព្រោះការងារនេះ មិនមែនរៀន តែមួយថ្ងៃចេះទេ គឺត្រូវការការបង្រៀន និងហ្វឹកហាត់រាប់ឆ្នាំ ដើម្បីបានក្លាយខ្លួនជាកីឡាករ-កីឡាការិនីឆ្នើម ដើម្បីទទួលបានជោគជ័យ ក្នុងការប្រកួត មិនមែនយើងអាចធ្វើតែខ្លួនម្នាក់បានទេ គឺត្រូវមានការចូលរួមសហការជាក្រុម និងចេះជួយគ្នាទៅវិញទៅមក ។

លោក រស់ វណ្ណា សំណូមពរគ្រូបង្វឹក ត្រូវពង្រឹងនូវវិន័យឲ្យបានច្បាស់លាស់បន្ថែមទៀត ក្នុងគោលដៅឆ្នោះឆ្នាំ២០២៣នេះ គឺយើងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាSEAGAME ដូច្នេះធ្វើយ៉ាងណា ត្រូវតែទទួលបាននូវមេដាយ សម្រាប់ជាមុខមាត់របស់កីឡាករ-កីឡាការិនីក្រុមក្រសួង ក៏ដូចជាមុខមាត់ របស់ប្រទេសជាតិយើងផងដែរ៕

Most Popular

To Top