ភ្នំពេញ៖លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រភេទកីឡា៥របស់ក្រសួងមហាផ្ទៃដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅសហព័ន្ធកីឡាសូហ្វតេន្នីសនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ច ចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះ គឺជាចំណែក ដ៏ធំធេងមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
លោកក៏បានក្រើនរំលឹកដល់កីឡាករ-កីឡាការិនីទាំង៥ប្រភេទក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ជាពិសេសត្រូវតៀមខ្លួនប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើឆាកអន្តរជាតិ ដូចជាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះជាដើម។
ចំពោះមេដាយដែលប្រភេទកីឡានីមួយៗប្រជែងបានដូចជា៖ សីដក់ មេដាយមាស៣គ្រឿង ទទួលបានប្រាក់រង្វាន់ សរុប១លាន៥សែនរៀល តេក្វាន់ដូ ITF មេដាយសរុប១២គ្រឿង មាស៨ ប្រាក់២ និងសំរឹទ្ធ២ ទទួលបានប្រាករង្វាន់ សរុប៤លាន៤សែនរៀល វាយសី មេដាយសរុប០៦គ្រឿង មាស៥ ប្រាក់១ ទទួលបានប្រាក់រង្វាន់ សរុប២លាន៤សែនរៀល តេក្វាន់ដូ WTF មេដាយមាស០៤គ្រឿង ទទួលបានប្រាក់រង្វាន់ សរុប១លាន៥សែនរៀល និង -ប៉េតង់ មេដាយសរុប១២គ្រឿង ប្រាក់៤ និងសំរឹទ្ធ៨ ទទួលបានប្រាក់រង្វាន់ សរុប២លាន៩សែនរៀល៦ម៉ឺនរៀល៕
ដោយ៖លី ភីលីព