ភ្នំពេញ៖លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្ត កណ្តាលនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១អញ្ជើញចូលរួមបើកកិច្ចប្រជុំបទបញ្ជា និងចាប់ពូលនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជន អាយុក្រោម១៨ឆ្នាំខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែកុម្ភៈដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទីលានបាល់ទាត់ស្រុកកោះធំ នៅមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោក ដោយប្រុងប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនីត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។
លោកបានបន្តថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាលប្រចាំឆ្នាំ២០២១ មាន១៣ក្រុមចូលរួម ក្នុងនោះក្រុមបាល់ទាត់យុវជនមាន៩ក្រុម ដោយធ្វើការប្រកួតចាញ់ធ្លាក់តែម្តង មិនមានការបែងចែកជាពូលឡើយ ចំណែកបាល់ទាត់វ័យចាស់មាន៤ក្រុម សម្រាប់ការប្រកួតដូចយុវជនដែរ។
ចំពោះក្រុមបាល់ទាត់យុវជន ទាំង៩ក្រុមរួមមាន៖ ក្រុមបាល់ទាត់យុវជនចចកអំណាច KFG ក្រុម បាល់ទាត់យុវជនស្ម័គ្រចិត្ត ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ប៊ុន រ៉ានីពានរាំង ក្រុមបាល់ទាត់យុវជនវិទ្យាល័យកោះធំ ក្រុមបាល់ទាត់យុវជន អាន់លឺ FC ក្រុមបាល់ទាត់ យុវជនវិទ្យាល័យជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់យុវជន ប៊ុន រ៉ានី ព្រែកតាដួង ក្រុមបាល់ទាត់យុវជន សាលាតម្រងទិសបាល់ទាត់ខេត្ត អាយុក្រោម១៨ឆ្នាំ និងក្រុមបាល់ទាត់យុវជន សាលាតម្រងទិសបាល់ទាត់ខេត្ត។
រីឯក្រុមបាល់ទាត់វ័យចាស់តាខ្មៅ ក្រុមបាល់ទាត់វ័យចាស់រីករាយ ក្រុមបាល់ទាត់វ័យចាស់ ស្នងការខេត្តកណ្តាល និងក្រុមបាល់ទាត់វ័យចាស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល៕ ដោយ៖លី ភីលីព