កីឡា

កីឡាករ មីន សាគីរីន ជួយឲ្យក្រុមបាល់ទាត់វ័យចាស់ ស្នងការខេត្តកណ្តាល ឈ្នះពានរង្វាន់បាល់ទាត់វ័យចាស់ ឆ្នាំ២០២១

ភ្នំពេញ៖ កីឡាករ មីន សាគីរីន ពាក់លេខ៣ ជួយឲ្យក្រុមបាល់ទាត់វ័យចាស់ ស្នងការខេត្តកណ្តាល គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាលប្រចាំឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះ លើក្រុមបាល់ទាត់វ័យចាស់តាខ្មៅ ដោយប៉េណាល់ទី៣ទល់១ នាទីលានបាល់ទាត់ស្រុកកោះធំ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០១។

រីឯក្រុមបាល់ទាត់វ័យចាស់ រីករាយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ លើក្រុមបាល់ទាត់វ័យចាស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ក្នុងលទ្ធផលបច្ចេកទេស៣ទល់០។

ចំណែកព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់យុវជន អាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ ក្រុមបាល់ទាត់យុវជនចចកអំណាច KFG ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ លើក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្ត ក្នុងលទ្ធផលបច្ចេកទេស៣ទល់០។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ យុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាលប្រចាំឆ្នាំ២០២១ រវាងក្រុមបាល់ទាត់ យុវជនសាលាតម្រងទិសបាល់ទាត់ខេត្ត ប៉ះជាមួយក្រុមបាល់ទាត់យុវជន ប៊ុន រ៉ានី ព្រែកតាដួង។

ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែកុម្ភៈដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទីលានបាល់ទាត់ ស្រុកកោះធំ នៅមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។

ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោក ដោយប្រុងប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនី ត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល៕ ដោយ៖លី ភីលីព

Most Popular

To Top