ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក ប្រកាសរៀបចំព្រឹត្តិការណ៍ ប្រកួតហែលទឹកដណ្ដើមពានរង្វាន់ លោកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ចាប់ផ្ដើមឡើងវិញនាថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីអាកខានមួយឆ្នាំ ដោយសារតែការរាតត្បាត នៃមេរោគCOVID-19 ធ្វើឡើងនៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតចែកចេញជា៣ប្រភេទ គឺប្រភេទអាយុ សម្រាប់កុមារា ចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២ សម្រាប់កុមារា-កុមារី អាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣ សម្រាប់វ័យយុវជន-យុវនារី ដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។

ចំណែកកុមារា-កុមារី អាយុពី១០ដល់១១ឆ្នាំ វិញ្ញាសាប្រកួតមានហែលរបៀបសេរី ចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបចម្ងាយ ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាសម្រាប់ប្រភេទអាយុ ចាប់ពី១២ទៅ១៣ឆ្នាំ ដែលមានចំនួន៤និងវិញ្ញាសានោះ គឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ
ចំពោះវិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរី ចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាសម្រាប់យុវជន-យុវនារី ដែលមានចំនួន៤វិញ្ញាសាដែរនោះ គឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ ៕ ដោយ៖លី ភីលីព

