កីឡា

លោកបណ្ឌិត ថោង ខុន ចាត់ទុកជិះកង់ នៃក្តីស្រលាញ់ គឺជាការចាប់ផ្ដើម ព្រឹត្តិការណ៍កីឡា ទេសចរណ៍ឡើងវិញ នៅក្រុងព្រះសីហនុ

ភ្នំពេញ ៖ កម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លើកទី១ នៅក្រុងព្រះសីហនុ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួម ពីកីឡាករ-កីឡាការិនីសរុប ៣៥១នាក់ មកពី ៥ប្រទេស ។ ព្រឹត្តិការណ៍កីឡា ទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) និងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

ជាមួយការរៀបចំកម្មវិធីជិះកង់លក្ខណៈអាជីព និងកម្សាន្ដលើកដំបូងនេះ លោករដ្ឋមន្ដ្រី ថោង ខុន បានចាត់ទុកនេះគឺជាការចាប់ផ្ដើមឡើងវិញ នៃការរៀបចំព្រឹត្តិការណ៍កីឡា ទេសចរណ៍ នៅក្រុងព្រះសីហនុ ដែលជាទីក្រុងដ៏ប្រណីត ក្រោយការដាក់ទុន វិនិយោគយ៉ាងច្រើន ដើម្បីផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ មកលេងតំបន់ឆ្នេរកម្ពុជា កាន់តែច្រើនថែមទៀត ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ទោះបីនៅតូច តែវាពិតជាបានបង្ហាញ នូវការចាប់ផ្តើមសាកល្បង ជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡា ទេសចរណ៍តូចៗ ដែលគោរពអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ហើយដែលអាចជាការ ចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅ ទេសចរណ៍មួយ ដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ»

លោកបន្ដថា «ខ្ញុំគិតថា ថ្ងៃនេះកីឡាករទាំងអស់ក៏ដូចជាប្រជាជនយើងទូទាំងប្រទេស ពិតជាមានមោទនភាពណាស់ ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័ស របស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏ចំបងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះ នាទិសនិរតី។ រាជរដ្ឋាភិបាល បានដាក់ទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍ទីក្រុងនេះ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគ និងទេសចរអោយមកលេងខេត្តនេះបានកាន់តែច្រើនថែមទៀត ដែលរាជរដ្ឋាភិបាលបានកំនត់ថា ជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់ប្រទេសជាតិ»

ទន្ទឹមជាមួយគ្នាលោក គួច ចំរើន ក្នុងនាមម្ចាស់ផ្ទះបានចាត់ទុកព្រឹត្តិការណ៍ជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់នេះ ធ្វើឲ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ លោកថា ទោះបីព្រឹត្តិការណ៍នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

សម្រាប់វិញ្ញាសាប្រកួត នៃព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» នេះ គឺមាន ៣ រួមមានវិញ្ញាសាអ្នកជិះកង់អាជីពចម្ងាយ ៤០គីឡូម៉ែត្រ វិញ្ញាសាប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរ សមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រ និងវិញ្ញាសា Family Couple Ride ជិះកង់ជាក្រុមគ្រួសារ និងមិត្តភ័ក្ដ្រចម្ងាយ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងតំបន់ឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ ។ ចំពោះអ្នកចូលរួម គឺមានពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រមទាំងជនបរទេស ដូចជាឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេសជាដើម ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយ NOCC និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញពីសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មី របស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ នៃខេត្តព្រះសីហនុ ព្រមចូលរួមបញ្ជ្រាបការយល់ និងផ្លាស់ប្ដូរឥរិយាបទ ក្នុងស្រទាប់យុវវ័យ នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមកយុវជនមួយចំនួន នៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានសង្កត់ធ្ងន់លើការចូលរួមស្វែងយល់ឲ្យយល់ដឹង ពីអន្ថន័យខ្លឹមសារពិត នៃទិវានៃក្តីស្រឡាញ់ សំដៅលើការគោរពស្រឡាញ់ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្រ្ត មិនមែនជាថ្ងៃដែលត្រូវលះបង់ ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ ។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន ក៏ បានរំលឹកដែលថា នៅក្រុងព្រះសីហនុ កាលពីមួយឆ្នាំមុននៅ ថ្ងៃទី១៣កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានបើកទ្វារអនុញ្ញាត ឲ្យនាវាទេសចរណ៍ដ៏ធំ WESTERDAM បានចូលចតដោយសុវត្ថិភាព ដើម្បីសង្គ្រោះភ្ញៀវទេសចរ អន្តរជាតិ ច្រើនជាតិសាសន៍ ជាង ១៤០០នាក់។ កាយវិការប្រកបដោយមនុស្សធម៌ របស់សម្ដេចតេជោ ត្រូវបានពិភពលោកដឹងគុណ និងផ្តល់នូវគុណតម្លៃ ដ៏ឧត្តុង្គឧត្តមដល់កម្ពុជាថា “កម្ពុជាជាប្រទេសតូច តែបេះដូងទូលាយ” ម្សិលមិញ ប្រទេសអូស្ត្រាលី ក៏បានរំលឹកខួប ហើយក្រសួងទេសចរណ៍ ក៏បានចេញវីដេអូមួយផ្សព្វផ្សាយផងដែរ ៕

Most Popular

To Top