កីឡា

CAMSOC បន្តពិនិត្យ យន្តការការងារ និងការទទួលទង់ ស៊ីហ្គេម ពីវៀតណាម មកបន្តស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ដើម្បីបន្តកិច្ចពិភាក្សាលើ របៀបវារៈសំខាន់ៗ ចំនួនពីរគឺការពិនិត្យ ពិគ្រោះយោបល់ លើយន្តការការងារ និងពិនិត្យមើលកម្មវិធីសេណារីយ៉ូ ក្នុងការរៀបចំទស្សនីយភាព វប្បធម៌ ទទួលស្វាគមន៍ប្រតិភូ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ ។

អង្គប្រជុំធ្វើឡើង ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ។

ថ្លែងប្រាប់បណ្ដាញ សារពត៌ក្រោយបញ្ចប់កិច្ចប្រជុំ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានអះអាងថា ដោយការចង្អុលបង្ហាញ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC), គណៈអចិន្ត្រៃយ៍ ដែលដឹកនាំដោយ លោកបណ្ឌិត ថោង ខុន តែងតែបានត្រួតជាប្រចាំលើយន្តការការងារ របស់គណៈកម្មការនីមួយៗ ដែលមានចំនួន១៤គណៈកម្មការ ។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ លោកបណ្ឌិត ថោង ខុន បានដាក់ចេញនូវរបៀបវារៈចំនួនពីរទី១ ៖ គឺផ្តោតសំខាន់លើប្រសិទ្ធភាពការងារ ឬបញ្ហាប្រឈម របស់គណៈកម្មការជំនាញ បានជួបបញ្ហាប្រឈមអ្វីខ្លះមានសំណូមពរ អ្វីខ្លះត្រឡប់មកវិញ ដើម្បីឲ្យគណៈអចិន្ត្រៃយ៍ បានដោះស្រាយជាបណ្តើរៗ ដើម្បីឈានទៅរកប្រសិទ្ធការងារ ពិតប្រាកដ ។

ចំពោះគណៈកម្មការជំនាញនីមួយៗ ត្រូវរៀបចំខ្លួន ទាំងផែនការសកម្មភាពការងារ ការអនុវត្តផែនការ របស់ខ្លួននូវ អ្វីដែលខ្លួនត្រូវធ្វើ និងអ្វីដែលខ្លួនមិនទាន់បាន ធ្វើហើយអ្វីដែលត្រូវសហការ ជាមួយដៃគូជំនាញផ្សេងៗទៀត ក្នុងគោលដៅឲ្យមានភាព គ្រប់ជ្រុងជ្រោយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ ។

ដូច្នេះចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ គណៈកម្មការជំនាញទាំងអស់ នៃCAMSOCត្រូវមានលក្ខណៈសម្បត្តិ ក្នុងការយល់ដឹងពីការងារ របស់ខ្លួនឲ្យបានរួចរាល់។
របៀបវារ៖ទី២ គឺត្រៀមការទទួលទង់ ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដែលជាកម្មវិធីបិទបញ្ចប់ស៊ីហ្គេម លើកទី៣១ ដោយវៀតណាមនឹងផ្ទេរ ទង់ស៊ីហ្គេម មកម្ចាស់ផ្ទះថ្មី គឺកម្ពុជា ដែលត្រូវធ្វើស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបិទស៊ីហ្គេម នៅវៀតណាម មានកម្មវិធីជាច្រើន ដែលក្នុងនោះក៏មានការ គោរពទង់ជាតិកម្ពុជា ការបង្ហាញទស្សនីភាពវប្បធម៌ សិល្បៈ កីឡាអត្តសញ្ញាណជាតិខ្មែរ ដូចជារបាំអប្សរា គុនល្បុក្កតោ ដើម្បីបើកការស្វាគមន៍ទទួលប្រតិភូ កីឡាករ កីឡាការិនីនៃបណ្តាប្រទេសអាស៊ានមកស៊ីហ្គេម នៅកម្ពុជាយើង។ ពេលនេះយើងទទួលបានពត៌មានពីម្ចាស់ផ្ទះ វៀតណាម ថា នៅក្នុងពិធីសម្តែងការបង្ហាញ ការទទួលស្វាគមន៍ពីស៊ីហ្គេម នៅវៀតណាម មកស៊ីហ្គេមកម្ពុជានេះ គឺមានរយៈពេលប្រមាណ១៥នាទី និងមានចន្លោះ៥០នាក់ ។

ក្រោយពីទទួលបានទង់ស៊ីហ្គេមនេះ ហើយកម្ពុជានឹងមានកម្មវិធីជាច្រើន ជាបន្តបន្ទាប់ដូចជាការរាប់ ថយក្រោយ បន្តឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាមានន័យថា ក្នុងពេលទទួលទង់ស៊ីហ្គេម គឺព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលធ្វើម្ចាស់ផ្ទះ។ ដូច្នេះហើយបានជាយើង បានកំណត់ទិសដៅថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើម (Games Operation Time) ស៊ីហ្គេម ឆ្នាំ២០២៣ ហើយនៅក្រោយពេលទទួលទង់នេះ គឺនឹងធ្វើពិធីមួយទៀតនៅកម្ពុជា ដើម្បីបង្ហាញពីការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

ដើមឆ្នាំ២០២២ យើងចាប់ផ្តើមប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ និងចាប់ផ្តើមកិច្ចប្រជុំកីឡាធំៗ មួយចំនួនទៀត ដើម្បីត្រួតពិនិត្យទៅលើជំនាញនីមួយៗ និងការអនុម័តទៅលើការកំណត់ ចំនួនប្រភេទកីឡា វិញ្ញាសានៃប្រភេទកីឡានីមួយៗ។ នៅក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងដឹកនាំកិច្ចប្រជុំនានា សម្រាប់ដំណើរការស៊ីហ្គេម ឆ្នាំ២០២៣។ ចំពោះកម្មវិធីសំខាន់មួយទៀត គឺកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន (ASEAN Submit) ហើយ CAMSOC ក៏នឹងត្រូវធ្វើកិច្ចការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ នៅក្នុងពេល កិច្ចប្រជុំអាស៊ាន នេះដែរ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងការគាំទ្របន្ថែម ពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនានា ក្នុងអាស៊ានផងដែរ» ។ នេះជាការបញ្ជាក់បន្ថែម របស់លោក វ៉ាត់ ចំរើន៕

Most Popular

To Top