ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតហែលទឹក ជ្រើសរើសជើង ឯកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ បើកការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាងហែកទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការរៀបចំសហព័ន្ធខ្មែរ ហែលទឹក ដោយមានការឧបត្ថម្ភថវិកា ផ្ទាល់ពីសំណាក់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីយុវជន ចំនួន៩៨នាក់ក្នុងនោះកីឡាករ ចំនួន៦៣នាក់ និងកីឡាការិនីចំនួន៣៥នាក់ មកពី៩ក្លិប-សមាគមរួមមាន ក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកសឺវ៉ាយវ៉យ ក្លិបហែលទឹក Oasis Swim Academy ក្លិបហែលទឹក សាលាអន្តរជាតិISPP និងក្លិបហែលទឹកសាលាអន្តរជាតិ Decart France ។
លោកបានបន្តថា ការប្រកួតចែកចេញជា៣ប្រភេទគឺប្រភេទ អាយុសម្រាប់កុមារា ចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២ សម្រាប់កុមារា-កុមារី អាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣ សម្រាប់វ័យយុវជន-យុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។ ចំណែកកុមារា-កុមារីអាយុពី១០ដល់១១ឆ្នាំ វិញ្ញាសាប្រកួត មានហែលរបៀប សេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែប ចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចមងាយ ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាសម្រាប់ប្រភេទ អាយុចាប់ពី១២ទៅ១៣ឆ្នាំដែលមានចំនួន៤ និងវិញ្ញាសានោះ គឺហែលរបៀប ផ្ងារចម្ងាយ៥០ម៉ែត្រ ចំពោះវិញ្ញាសាហែល របៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរី ចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀប កង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាសម្រាប់យុវជន-យុវនារី ដែលមានចំនួន៤វិញ្ញាសាដែរនោះ គឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ ៕ដោយ៖លី ភីលីព