ភ្នំពេញ ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នាខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នឹងដាក់វិញ្ញាសាចំនួន៤ ដើម្បីចូលរួមប្រកួត ដោយស្ថាន ភាព នៃវិបត្តិមេរោគCOVID-19 នៃព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ បានបង្កផលប៉ះពាល់ មិនអាចឲ្យកីឡាករ-កីឡាការិនី ប្រមូលផ្តុំការហ្វឹកហាត់ ជុំគ្នាបានទេ ហើយកីឡាករ-កីឡាការិនី គ្រប់ៗរូបបានរៀបចំកម្មវិធី ហ្វឹកហាត់ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីថែរក្សា ថាមពលកម្លាំង និងគុណភាពបច្ចេកទេស កុំឲ្យធ្លាក់ចុះខ្លាំងពេក ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា វិញ្ញាសាចំនួន៤ ដែលកម្ពុជាត្រៀមចូល រួមប្រកួតនេះរួមមាន វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិ ចំនួន ២វិញ្ញាសាគឺបុរស-នារី ហែលទឹក១៥០០ម៉ែត្រ-ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ វិញ្ញសាឌូអាត្លុង បុរស-នារីរត់គីឡូម៉ែត្រ -ជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ ។
លោកបានបន្តថា ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងមានសរុបចំនួន១៤នាក់ ក្នុងនោះមានកីឡាករ៩នាក់ និងកីឡាការិនី៥នាក់ និងគ្រូបង្វឹក៤នាក់ ក្នុងនោះ មានគ្រូបរទេសថ្មីម្នាក់ ជាជនជាតិណូវែលសេឡង់ ដែលទើបនឹងមកជួយដល់ការបង្វឹក ដល់ក្រុមជម្រើសជាតិកម្ពុជា ។ ពេលកនេះក្រុមជម្រើសជាតិ ទ្រីយ៉ាត្លុង កំពុងបន្តការហ្វឹកហាត់ នៅតាមផ្ទះរៀងៗខ្លួន ដោយសារស្ថានភាព វិបត្តិជំងឺ កូវីដ១៩ នៅតែបង្កផលប៉ះពាល់ខ្លាំងនោះ ទើបក្រសួងអប់រំយុវជន និងកីឡា ប្រកាសរំសាយការហ្វឹកហាត់ លក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន ។ អ្វីដែលចាំបាច់ ក្នុងស្ថានភាពនេះ គឺគ្រូបង្វឹកជម្រើសជាតិ បានរៀបចំកម្មវិធីហ្វឹកហាត់ ច្បាស់លាស់ ប្រចាំថ្ងៃ នៅ តាមផ្ទះសិន ដើម្បីថែរក្សាកម្លាំង កុំឲ្យធ្លាក់ចុះខ្លាំងពេក ហើយការត្រួតពិនិត្យការ ហ្វឹកហាត់របស់កីឡាករ កីឡាការិនី ពីគ្រូបង្វឹកធ្វើឡើង តាមប្រព័ន្ធអនឡាញ ។
លោកអគ្គលេខាធិការ រូបនេះបន្ថែមថា ការហ្វឹកហាត់នៅតាមផ្ទះនេះ គ្រាន់តែហ្វឹកហាត់ បណ្តោះអាសន្នប៉ុណ្ណោះ និងមិនអាចបង្កើនគុណភាព បច្ចេកទេសឲ្យល្អនោះឡើយ ដោយអាចហាត់លើកម្លាំង កាយមូលដ្ឋាន រត់កម្តៅសាច់ដុំ ហើយជិះកង់ នៅលើរ៉ូឡូនៅផ្ទះ និងអាចចេញហាត់ ជិះកត់នៅតាមផ្លូវ សាធារណៈលក្ខណៈឯកត្តជន មិនមានហាត់ជុំគ្នានោះទេ ។ អ្វីដែលបញ្ហាប្រឈម គឺការហាត់ហែលទឹក ពីព្រោះថានៅ ផ្ទះមិនមាន អាងហែលទឹកនោះទេ ប៉ុន្តែទោះយ៉ាងនេះក្តី ការហាត់នៅផ្ទះក៏នឹងជួយដល់ការ ប្រមូលផ្តុំឡើងវិញបានខ្លះៗដែរ ហើយបើមិនហ្វឹក ហាត់សោះ នោះនឹងជូបបញ្ហាប្រឈមកាន់តែខ្លាំង ពេលប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ ជាក់ជាមិនខាន ។
ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែផ្តល់ជាការលើកទឹក ចិត្តធ្វើយ៉ាងណាជំរុញឲ្យកីឡាករ កីឡាការិនីជម្រើសជាតិនានា បង្កើនការហ្វឹកហាត់ នៅតាមផ្ទះនេះឲ្យបានខ្លាំងក្លា តាមកម្មវិធីដែលបានរៀបចំ ដើម្បីត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១នេះ ពីព្រោះថាពេលវេលាកាន់តែកៀកហើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំង ដល់ការអភិវឌ្ឍបច្ចេកទេសផងដែរ ៕ដោយ៖លី ភីលីព