ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រៀមបញ្ជូនកីឡា ៣ប្រភេទ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលប្រព្រឹត្តទៅជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីថ្នាក់ដឹកបេ្តជ្ញា នឹងរៀបចំការប្រកួត តាមផែនការកំណត់ជាដាច់ខាត ទោះបីមានការរីករាល ដាលមេរោគ COVID-19 ក៏ដោយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា កិច្ចប្រជុំមួយដែលធ្វើឡើង ជាមួយថ្នាក់ដឹកនាំកីឡា ដូចជាអគ្គនាយកដ្ឋានកីឡា ប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមបញ្ជូនកីឡា ៣ប្រភេទចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុនដែលប្រព្រឹត្តទៅជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។
លោកបានបន្តថា កីឡាទាំង៣ប្រភេទ នោះរួម មានកីឡាអត្តពលកម្ម កីឡាហែលទឹក និងកីឡាតេក្វាន់ដូ WT ដែលត្រូវចូលរួម ប្រកួតវគ្គជម្រុះ ពិសេសកីឡាតេក្វាន់ដូ WT ចំណែកកីឡាអត្តពលកម្ម និងកីឡាហែលទឹកទទួលបានអនុញ្ញាតឲ្យចូលរួមដោយគ្មានមិនបាច់ប្រកួតប្រកួតវគ្គជម្រុះ ដើម្បីរៀបចំខ្លួនទៅចូលរួម ។
លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ តាមប្រព័ន្ធអនឡាញ ថា សហព័ន្ធនឹងបញ្ជូនលោកគ្រូបង្វឹក ពុធ បូរាត្រី និងកីឡាករឆ្នើមរបស់សហព័ន្ធ គឺ កីឡាករអត្តពលកម្ម ប៉ែន សុគង់ ឲ្យចូលរួមព្រឹត្តឹការណ៍ ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រព្រឹត្តិពិធីបើកជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
សម្រាប់ការជ្រើសរើស គ្រូបង្វឹក និងកីឡាករខាងលើនេះ សមាជិកប្រតិបតិ្ត សហព័ន្ធធ្វើការ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង មិនចេះតែចាប់ដាក់ឡើយ សុទ្ធសឹងមានការសម្រេច ពីថ្នាក់ដឹកនាំសហព័ន្ធ និងគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ។ ចំពោះកីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់១០០ម៉ែត្រ ដោយសារការប្រកួតកីឡា អូឡាំពិកឲ្យប្រកួត តែមួយវិញ្ញាសាប៉ុណ្ណោះ។
លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមប្រព័ន្ធអនឡាញដែរថា សហព័ន្ធខ្មែរហែលទឹក នឹងបញ្ជូនគ្រូបង្វឹក១រូប និងកីឡាករ-កីឡាការិនី២រូប ហើយអត្តពលិកទំាង២នាក់នេះ យើងនឹងធ្វើការជ្រើសរើសនាខែឧសភាខាងមុខនេះ ។ ចំពោះកីឡាហែលទឹក ទទួលបានសិទ្ធអនុគ្រោះមានន័យថា ចូលរួមការប្រកួតជាផ្លូវការ មិនបាច់ទៅប្រកួតវគ្គជម្រុះ ដូចកីឡាអត្តពលកម្មដែរ៕