កីឡា

លោក ហេង សុឃន ៖ អត្តពលិកឃីកបុកស៊ីង ត្រូវប្រកួតជម្រុះស្វែង រកជើងខ្លាំង មុនចេញចូលរួមកីឡា SEA GAMES 2021 នៅវៀតណាម នាខែវិច្ឆិកា

ភ្នំពេញ ៖ សហព័ន្ធកីឡាកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបង្ហាញក្រុមគ្រូបង្វឹក និងកីឡាករ -កីឡាការិនី ចំនួន១៣នាក់ លើប្រភេទវិញ្ញាសា ជាច្រើនសម្រាប់ក្រុមអត្តពលិកឃីកបុកស៊ីង ជម្រើសជាតិ ឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានចាប់ផ្តើមហ្វឹកហាត់ តាមរយៈអនឡាញ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។

លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា បានប្រសាសន៍ តាមសារអេឡិចត្រូនិច ថា នេះជាឆ្នាំដំបូង សម្រាប់សហព័ន្ធ ត្រូវបានក្រសួងអប់រំ យុជន និងកីឡា អនុញ្ញាតឲ្យចូលរួមជម្រើសជាតិ ឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកមាន ចំនួន៣រូប និងកីឡាករ-កីឡាការិនីចំនួន១០នាក់ មានកីឡាការិនីចំនួន៣នាក់។ ចំពោះក្រុមអត្តពលិកទំាង ១០នាក់ នេះមិនទាន់ដឹងថា អ្នកណាម្នាក់ ត្រូវចេញទៅប្រកួតកីឡា SEA GAMES 2021 នៅទីក្រុង ហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ យើងនឹងធ្វើការ ប្រកួតជម្រុះ តាមប្រភេទទម្ងន់ ដើម្បីចម្រាញ់ រកកីឡាករ-កីឡាការិនី ឆ្នើមចូលរួម SEA GAMES 2021 ដណ្តើមមេដាយជូនជាតិ ។

លោកបន្តទៀតថា កីឡាប្រដាល់ឃីកបុកស៊ីង ជាប្រភេទកីឡាស្ថិតក្នុងប្រភេទកីឡា មានសក្តានុពលក្នុងចំណោម កីឡាទំាង១៤ប្រភេទ របស់ប្រទេសកម្ពុជា ចំណែកសហព័ន្ធបានត្រៀមកម្លាំង រួចជាស្រាច សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ដែរ ។ ប្រភេទកីឡាប្រដាល់ ឃីកបុកស៊ីងនេះ គឺជាប្រភេទកីឡា មានប្រជាប្រិយភាពខ្លាំងគួរសម ដោយសារតែការប្រកួតកីឡា SEA GAMES 2017 និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយ ជាច្រើនគ្រឿង ជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះក៏សង្ឃឹម ទទួលបានមេដាយជាច្រើនដូចគ្នា ។

លោកប្រធានបន្ថែមទៀតថា ចំពោះបង្វឹកមាន ចំនួន៣រូប និងកីឡាករ-កីឡាការិនីចំនួន១០នាក់ រួមមានលោកគ្រូធំ ជា រិទ្ធ លោកគ្រូជំនួយ រុំ ឆាវជ័យ លោកគ្រូ សៅ ប៊ុនធឿន រីឯកីឡាការិនី ៣នាក់ ដូចជា កីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦៤គីឡូក្រាម ។

ចំណែកកីឡាករ៧នាក់រួមមាន កីឡាករ វន គឹមចេង ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ខេម ចាន់ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ហ៊ឹម សេរី ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ ទួច រ៉ាឆាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម កីឡាករ ឈុត វ៉ាន់ថង ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ ៦០គីឡូក្រាម ៕

Most Popular

To Top