ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ ដែលស្ថិតក្នុងក្រុមកីឡាជម្រើសជាតិ ទៅធ្វើការហ្វឹកហាត់ នៅប្រទេសចិន រយៈពេលវែង នាចុងខែកក្កដា ឆ្នាំ២០២១ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។
លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់តាមសារអេឡិត្រូនិចថា សហព័ន្ធនឹងការបញ្ជូនគ្រូបង្វឹក និងកីឡាករទៅហ្វឹកហាត់ នៅប្រទេសចិន នៅចុងខែកក្កដាខាងមុខនេះ ហើយចំពោះការហាត់ហ្វឹកហ្វឺន នៅប្រទេសចិន មានរយៈពេល៩០ថ្ងៃ (៣ខែ) មុនព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុង ហាណូយ ប្រទេសវៀតណាមមកដល់ ។ មុននឹងចេញដំណើរទៅហ្វឹកហាត់កីឡាករ ត្រូវរៀនភាសាចិន ថ្នាក់មូលដ្ឋានជាមុនសិន ។
លោកបានបន្តថា ក្រោយចប់ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នឹងត្រឡប់ទៅហាត់នៅប្រទេសចិនវិញ ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 ឆ្នាំ២០២៣ លើក ទី៣២ ដែលកម្ពុជា យើងនឹងធ្វើម្ចាស់ផ្ទះការ ប្រកួតជាផ្លូវការ ។ ការហ្វឹកហាត់នេះ សម្រាប់កីឡាករ ដែលបានជាប់ ជាជម្រើសជាតិបាល់ទះ ក្នុងសាល នៃការប្រមូលផ្ដុំនៅឆ្នាំ២០២១ ទាំងអស់គឺ ជាកីឡាករជម្រើសជាតិ តែប៉ុណ្ណោះ ៕