ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាថ្មីៗនេះ បានទទួលនូវសម្ភារៈហ្វឹកហាត់ចំនួន៦ប្រភេទពីសហព័ន្ធកីឡាកាយ សម្ព័ន្ធប្រទេសជប៉ុន ក្រោមការខិតខំប្រឹងប្រែង របស់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជា ក្នុងការស្វែងរកដៃគូឧបត្ថម្ភ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានអះអាងថា នេះជាជំនួយអត់សំណងរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនចំពោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទំាងអស់មានសម្ភារៈទាំង៦ប្រភេទដូចជាកង (Ring) ១សិត សេះកង (Pommel Horse) ១ សិត របារហ្នឹង (High Bar) ១ សិត ស្នួរលំហ្នឹង (Beam)១ របារទាប ខ្ពស់ (Uneven Bars)ចំនួន១ ក្តារឈ្នាន់ (Spring Board) ចំនួន៥ ដែលសរុបជាទឹកប្រាក់ប្រមាណជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក។


លោកបានបន្តថា កន្លងមកសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ធ្លាប់ទទួលជំនួយជាសម្ភារៈហ្វឹកហាត់បែបនេះពីបណ្ដាប្រទេសមួយចំនួនដែរដូចជាប្រទេសចិន សាធារណរដ្ឋកូរេ និងប្រទេសរុស្ស៊ី។ ជប៉ុនជាប្រទេសមួយដែលតែងតែជួយបណ្ដុះបណ្ដាល ដល់មន្ត្រី គ្រូបង្វឹក និង កីឡាករ កីឡាកាយសម្ព័ន្ធកម្ពុជា។

ជារៀងរាល់ឆ្នាំជប៉ុនតែងតែផ្ដល់នូវអាហារូបករណ៍ដល់មន្ត្រី និង គ្រូបង្វឹកកម្ពុជាយកទៅបំប៉ន និងបណ្ដុះបណ្ដាលនូវក្នុងប្រទេសរបស់ខ្លួន។

ទោះបីស្ថិតក្នុងភាពលំបាកយ៉ាងណាក៏ដោយ នៃកាលរីករាលដាលមេរោគ COVID-19 សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក៏មិននៅស្ងាមដែរ សហព័ន្ធខិតខំព្យាយាទំនាក់ទំនង ជាលក្ខណៈអន្តរជាតិដើម្បីស្នើសុំជំនួយ ជាក់ស្តែងដូចពេលសហព័ន្ធស្នើសុះ បានសម្ភារៈមួយចំនួនដើម្បីត្រៀមដាក់ចូលធ្វើការហ្វឹកហាត់ឲ្យបានត្រឹមត្រូវ និងសមរម្យសមស្រប តាមលក្ខណៈទេសនៃកីឡាកាយសម្ព័ន្ធ៕
