ភ្នំពេញ៖ អាណត្តិទី៤ ឆ្នាំ២០២១-២០២៤ សម្រាប់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មានសមាជិកប្រតិបត្តិចំនួន ១៩រូប ក្នុងនោះលោក អ៊ូ រតនា បានក្លាយជាប្រធាន សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីសមាជិកប្រតិបត្តិ និងក្លិបចំនួន១២ សម្រេចបោះឆ្នោតជូននៅមហាសន្តិបាត សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ចប់អាណត្តិទី៣ នាអាគារទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក អ៊ូ រតនា ប្រធានថ្មី លោក សុខ មុនី លោក រស់ មុនិន្ទៈ លោក គិន ឆេងលី លោក លី សុធា លោក ឡុង សុផាត លោក សំ សុខយី និងលោក ជា ហុងរី ជាអនុប្រធាន លោក យ៉ាំ ថៃសាន អគ្គលេខាធិការ លោក លាង ណារិទ្ធ លោក អាំ សុផល លោក ម៉ិច សីហា អគ្គលេខាធិការរង លោកស្រី ញឹម ម៉ី អគ្គហិរញ្ញិក លោកស្រី ប៉ុក ករុណា អគ្គហិរញ្ញិករង លោក ប៊ូ វិរៈ លោក គង់ ហួន លោក កៅ មករា លោក ទេព ជីវសុខុម និងលោក ម៉េង សៅណេង ជាសមាជិក។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រៀបចំមហាសន្តិបាតសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជាបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២១-២០២៤ ដោយមានអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិចាស់នៅអាគារទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រោយពីបញ្ចប់មហាសន្តិបាត បញ្ចប់អាណត្តិទី៣ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានចុះ MOU ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ កីឡារបស់កូនខ្មែរ ១០០ភាគរយ ៕
ដោយ៖ លី ភីលីព
