ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបឲ្យដឹងថា ទិវាអូឡាំពិក (Olympic Day) នឹងរៀបចំនៅថ្ងៃទី ២៣ មិថុនា ឆ្នាំ២០២១ ខាងមុខនេះតាមប្រព័ន្ធអនឡាញ តាមការគ្រោងទុក នឹងមានកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី។

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងឋានៈជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជារិអូឡាំពិកកម្ពុជា។ ជារៀងរាល់ឆ្នាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ((IOC)តែងតែដាក់ចេញនូវគោលការណ៍នេះឲ្យបណ្តាប្រទេសជាសមាជិកនានានៅលើពិភពលោក រៀបចំទិវាអូឡាំពិកពិភពលោកនាខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយក្រើនរំឭកនូវចលនាអូឡាំពិក ដាស់ស្មារតីមនុស្សជាតិនៅលើពិភពលោក ឲ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត និង សកម្មភាពកីឡា។
នៅក្នុងការរំឭកគុណនៃទិវាអូឡាំពិកនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រារព្ធពិធីដ៏ពិសេសមួយនៅក្នុងស្ថានភាពវិបត្តិជំងឺ COVID-19 ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ឲ្យធ្វើដូចៗគ្នា ដូចជាការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺ COVID-19 ។ មានន័យថា ទិវាអូឡាំពិកនេះនឹងជួយបំផុសឲ្យកីឡាករ-កីឡាការិនីបានរស់នៅដោយសកម្មនូវសកម្មភាពឲ្យបានខ្លាំងក្លាក្នុងបរិបទថ្មី ដែលមិនអាចធ្វើទំនាក់ទំនងបានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។

ហេតុនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រមែលប្រមូលអត្តពលិកអូឡាំពិកកម្ពុជាដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបបនៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឲ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។

យើងនឹងរួមគ្នាបង្កើតព្រឹត្តិការណ៍ហាត់ប្រាណតាមប្រព័ន្ធអនឡាញនៅតាមផ្ទះរៀងៗខ្លួនដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង៕ដោយ៖លី ភីលីព
