ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ច ប្រជុំប្រចាំសប្តាហ៍ CAMSOC នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានប្រសាសន៍ថា ថា គណៈកម្មការជាតិ រៀបចំការប្រកួត កីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSO C) ចាប់ពីពេលនេះតទៅយើង ចាប់ផ្តើមធ្វើយុទ្ធនាការបំផ្ទុះ ការផ្សព្វផ្សាយ ដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជា ចាប់ពីពេលនេះទៅ ។
លោក វ៉ាត់ ចំរើន គូសបញ្ជាក់បន្ថែមថា យើងប្រើប្រាស់យន្តការនេះ ដើម្បីរៀបចំ បើកសម្ពោធយុទ្ធនាការ ផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ណែនាំឲ្យគណៈកម្មការ ជំនាញរបស់ខ្លួនទាំងអស់ និងភាគីពាក់ព័ន្ធជាពិសេស អាជ្ញាធររាជធានី-ខេត្ត ដែលទទួលធ្វើម្ចាស់ផ្ទះប្រភេទ កីឡាមួយចំនួននឹងចូលរួម ក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះដែរ ។ យុទ្ធនាការផ្សព្វផ្សាយនេះ គឺយើងដឹងហើយថារយៈពេលពីរឆ្នាំមុនការប្រកួត គឺយើងត្រូវធ្វើផ្សព្វផ្សាយ ដែលកម្ពុជាយើងនៅសល់ប្រមាណពីរឆ្នាំនេះ ។
សេណារីយ៉ូនៃផែនការ យុទ្ធសាស្ត្រ នៅក្នុងការផ្សព្វផ្សាយ គឺមានការផ្សព្វផ្សាយនៅក្នុងប្រទេស ដែលយើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិដែរ តាមរយៈទូរទស្សន៍ជាតិ តាមរយៈបណ្តាញព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ក្រៅប្រទេស ដែលយើងយកយន្តការនៅខាងក្រៅប្រទេសជាយន្តការការទូត យន្តការកិច្ចការបរទេស ដែលយើងប្រើប្រាស់ស្ថានទូតកម្ពុជា តំណាងកុងស៊ុល ឬស្ថានទូតកម្ពុជា នៅឯប្រទេសក្រៅ ជាពិសេសគឺប្រទេសសមាជិក នៃស៊ីហ្គេមទាំង១០ប្រទេស ខាងក្រៅ ហើយក៏ដូចជាប្រទេសមួយចំនួនទៀត ដែលមានប្រជាជនខ្មែរច្រើន នៅក្រៅប្រទេសដូច អាមេរិក កាណាដា អូស្ត្រាលីបារាំង ជាដើម គឺថាយើងធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ ហើយផ្សព្វផ្សាយមួយទៀតដែរ គឺបញ្ជ្រាបចូលជាមួយនឹងស្ថានទូត របស់ប្រទេសនានា នៅព្រះរាជាណាចក្រកម្ពុជា ដែលយើងត្រូវផ្តល់នូវគេហៅផលិត ចេញនូវឧបករណ៍ ឬក៏សម្ភារៈផ្សព្វផ្សាយរបស់យើង។
គោលដៅនៃការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណា ឲ្យមានគុណតម្លៃ នៃព្រឹត្តិការណ៍ ដើម្បីឲ្យទទួល បានការគាំទ្រ កាន់តែច្រើន ។ ជាមួយគ្នានោះយើងជំរុញឲ្យការផ្សព្វផ្សាយ ប្រកបដោយគុណភាពល្អ តាមស្តង់ដារ ដូចជាការផលិតវីដេអូ គឺយើងផលិត ក្នុងគុណភាពដ៏ខ្ពស់ សម្រាប់ធ្វើការផ្សព្វផ្សាយហើយក៏យើងធ្វើឲ្យក៏គុណភាព នៃការផលិតឧបករណ៍ សម្ភារ ដែលទាំងអស់នេះគឺ ជាយន្ដការរួមកម្លាំង សរុបរបស់ CAMSOC ផង រួមទាំងការជំរុញបន្ថែម របស់រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីណែនាំឲ្យគ្រប់បណ្ដាក្រសួង មន្ទីរ ស្ថាប័នទាំងអស់ ធ្វើការជួយផ្សព្វផ្សាយឲ្យកាន់ តែទូលំទូលាយផងដែរ ។
លោកបណ្ឌិត ថោង ខុន បានយកចិត្តទុកដាក់ខ្លាំង ណាស់ ចំពោះការបញ្ជ្រាបការយល់ដឹង អំពីការផ្សព្វផ្សាយ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកាសថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការទទួលស្វាគមន៍ភ្ញៀវ អត្តពលិក ក្នុងបណ្តាប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅ និងប្រកបដោយក្តីសង្ឃឹម ។ យើងសង្ឃឹមថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជា នឹងធ្វើឲ្យបានល្អជាងស៊ីហ្គេម មុនៗ ហើយយើងធ្វើម្ចាស់ផ្ទះក្នុង សេចក្ដីថ្លៃថ្នូរ និងកិត្តិយស សម្រាប់ប្រទេសជាតិ និងកេរ្តិ៍ឈ្មោះល្អ សម្រាប់ប្រទេសជាតិទុក ជាកំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ជាតិ របស់យើងទៅថ្ងៃក្រោយ ៕