ក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស នឹងត្រូវតតាំង ជាមួយក្រុមអ៊ុយក្រែន នៅម៉ោង២រំលងអាធ្រាត្រនេះហើយ សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ។
ការឡើងមកវគ្គ៨ក្រុមចុងក្រោយនេះបាន គឺអង់គ្លេស បានយកឈ្នះលើក្រុមអាល្លឺម៉ង់ ក្នុងលទ្ធផលដល់ទៅ ២-០ ឯណោះ ដែលជាការឈ្នះលើកដំបូងរបស់ពួកគេក្នុងរយៈពេល៥៥ឆ្នាំក្នុងពានរង្វាន់ផ្លូវការវគ្គចាញ់ធ្លាក់។ មួយវិញទៀត ក្រុមមួយនេះ ក៏កំពុងកាន់កំណត់ត្រា គ្មានក្រុមណាស៊ុត ពួកគេចូល៤ប្រកួតកន្លងមកផងដែរ ។ មើលឃើញទម្រង់លេងល្អនេះហើយ ទើបគេបានបង្ហាញហេតុផល៥ ថា ក្រុមអង់គ្លេសអាចឈ្នះពាន Euro 2020 នេះបាន។
១ ខ្សែការពារល្អ
លោក Gareth Southgate មានប្រព័ន្ធការពារល្អណាស់ ហើយកីឡាករក៏សំបូរច្រើនដែរ ។ លោកអាចប្រើប្រាស់ និងឆ្លាស់គ្នាតាមចិត្តបាន។ មិនថាខ្សែការពារទេ បម្រើការពារក៏ល្អថែមទៀត។ ៤ប្រកួតកន្លងមក ពួកគេមិនទាន់របូត១គ្រាប់នោះទេ ។ អង់គ្លេស បានប្រើទាំងប្រព័ន្ធការពារ ៣ និង៤នាក់រូចរាល់អស់ហើយ។
២ ក្រុមខ្លាំងដែលគេគិតថា ឈ្នះពាន៣ធ្លាក់ទៅបាត់ហើយ
បារាំង ព័រទុយហ្គាល់ និងអាល្លឺម៉ង់ ដែលគេមើលឃើញថា ជាក្រុមភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Euro 2020 នេះ បានធ្លាក់ចេញបាត់ទៅហើយ។ ពួកគេស្ថិតនៅពូល F ជាមួយគ្នា ហើយក៏បានឡើងមកវគ្គ១៦ក្រុមផងដែរ ។ តែចុងក្រោយ បានបរាជ័យទៅហើយត្រឹមវគ្គនេះ។
៣ ងាយឡើងដល់ផ្ដាច់ព្រ័ត្រ
ឆ្លងផុតវគ្គចែកពូល ឈានដល់វគ្គ១៦ និង៨ក្រុមនេះ អង់គ្លេស ហាក់ដូចជាមានផ្លូវដើរទៅមុខស្រួលជាងខាងក្រុមអ៊ីតាលី អេស្ប៉ាញ និងបែលហ្សិក។ អង់គ្លេស បើសិនឈ្នះអ៊ុយក្រែន ពួកគេនឹងបន្ដទៅប៉ះក្រុមដាណឺម៉ាក់ ឬឆែកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនពេលឡើងទៅផ្ដាច់ព្រ័ត្រតែម្ដង។
៤ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រធ្វើឡើងនៅអង់គ្លេស
ការប្រកួតនេះបានបញ្ជាក់ឱ្យឃើញថា អង់គ្លេសស្រួលលេងហើយឱ្យតែបានឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ដូចដែលដឹងស្រាប់ហើយ កាលប៉ះអាល្លឺម៉ង់នៅទឹកដី Wembley គឺអង់គ្លេសលេងបានល្អណាស់ នៅមុខអ្នកគាំទ្ររបស់ខ្លួន ។ ដូច្នេះជាមួយការប៉ះក្រុមល្មមៗ និងក្នុងដីផងនោះ នឹងធ្វើឱ្យអង់គ្លេសលេងបានល្អមិនខាន ។
៥ ប្រយុទ្ធពេញល្អ
អង់គ្លេស ដែលពោរពេញដោយកីឡាករល្អៗនោះ បានជ្រើសរើសត្រូវហើយ សម្រាប់ការប្រកួត Euro 2020 នេះ ។ Sterling កំពុងឡើងជើងខ្លាំងមែនទែន ដែលអាចនិយាយបានថា in-form ជាងគេតែម្ដង ។ បូកផ្សុំជាមួយ Harry Kane និង Grealish ជាអ្នកបញ្ជូនបាល់ក៏ល្អថែមទៀតនោះ កាន់តែធ្វើឱ្យអង់គ្លេសមុតបថែម១កម្រិតទៀតហើយ ។ នេះនៅមិនទាន់និយាយដល់ Rashford, Foden និង Manson Mount ផង ដែលសុទ្ធតែកីឡាករវ័យក្មេងល្អៗ៕